(អង់ការ៉ា)៖ ខណៈសហរដ្ឋអាមេរិក បានប្រកាសបង្វឹកក្រុមប្រដាប់អាវុធឃើដ ឲ្យធ្វើជាកងការពារព្រំដែននៅស៊ីរី តួកគីកំពុងរសាប់រសល់នៅមិនសុខជាខ្លាំង ព្រោះកងកម្លាំង PKK ទាំងនោះ ត្រូវបានតួកគីចាត់ទុកជាក្រុមភេរវករ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
ក្រសួងការបរទេសតួកគីបានលើកឡើងថា ការដែលសហរដ្ឋអាមេរិកបានសម្រេចបង្កើតកម្លាំងត្រួតត្រាព្រំដែន នៅភាគខាងជើងប្រទេសស៊ីរី គឺជាការសម្រេចចិត្តបែបឯកតោភាគីសុទ្ធសាធ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើ កិច្ចផ្តួចផ្តើមបែបនេះរបស់អាមេរិក នឹងបង្កការគម្រាមកំហែងជាខ្លាំងដល់សន្តិសុខជាតិតួកគី ដែលជាអ្នកជិតខាងភាគខាងជើងរបស់ប្រទេសស៊ីរី ព្រមទាំងបូរណភាពទឹកដីរបស់ស៊ីរីផ្ទាល់។
គួរជម្រាបថា នៅក្នុងកែវភ្នែករបស់ទីក្រុងអង់ការ៉ា កងកម្លាំងប្រដាប់អាវុធឃើដ YPG គឺជាមែកធាងរបស់គណបក្សពលករឃើដ PKK ដែលតួកគីចាត់ទុកថា ជាក្រុមខុសច្បាប់ ឬភេរវករ។ យ៉ាងណាមិញ ក្រៅពីថ្កោលទោសការសម្រេចចិត្តរបស់អាមេរិក តួកគីបានបង្ហាញការតាំងចិត្តថា ខ្លួននឹងកម្ចាត់រាល់ការគម្រាមកំហែងគ្រប់បែបយ៉ាង មកលើប្រទេសជាតិ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ មេបញ្ជាការទ័ពអាមេរិក លោក Joseph Votel បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើតកងកម្លាំងព្រំដែននៅស៊ីរី ដែលរូបលោកបានអះអាងថា នឹងជួយទប់ស្កាត់ដការកើតឡើងវិញនៃក្រុម ISIS។ បើតាមបណ្តាញព័ត៌មានតួកគី ក្រុមប្រដាប់អាវុធឃើដប្រមាណ ៤០០នាក់ ដែលត្រូវបានបំពាក់បំប៉នដោយអាមេរិក ដើម្បីធ្វើជាកងការពារព្រំដែននោះ គ្រោងនឹងបង្កើតនូវកងកម្លាំងមួយ ដែលពួកគេហៅថា «យោធាភាគខាងជើង» នៅក្នុងប្រទេសស៊ីរី។
គួរបញ្ជាក់ផងដែរថា តាំងពីដើមមក តួកគីនិងអាមេរិក តែងតែមានការខ្វែងគំនិតគ្នា ជុំវិញការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះក្រុមប្រដាប់អាវុធឃើដនៅស៊ីរី៕