(អាមេរិក)៖ ខណៈជាច្រើនឆ្នាំកន្លងទៅនេះ គេកម្រឃើញមានបេសកកម្មបញ្ជូនមនុស្ស ទៅកាន់ទីអវកាសនោះ ក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ត្រូវគេរំពឹងថា នឹងសាកល្បងចេញបេសសកកម្មបញ្ជូនមនុស្សរបស់ខ្លួន ទៅកាន់ទីអវកាស នាអំឡុងចុងឆ្នាំ២០១៨នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីវែបសាយ Fortune.com នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
ខណៈយានអវកាស Dragon របស់ក្រុមហ៊ុន SpaceX នាពេលកន្លងទៅនេះ ត្រូវគេប្រើប្រាស់ភាគច្រើន សម្រាប់ការដឹកជញ្ជូនទំនិញទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) វាក៏ត្រូវបានរចនាឡើង ឲ្យមានសមត្ថភាពដឹកជញ្ជូនមនុស្សផងដែរ ហើយកាលពីសប្តាហ៍មុន ទីភ្នាក់ងារអវកាសអាមេរិក NASA បានរំពឹងថា ក្រុមហ៊ុនអវកាសឯកជននេះ នឹងធ្វើតេស្តហោះហើរសាកល្បង ដែលមានផ្ទុកមនុស្សនៅចុងឆ្នាំនេះ។
គួរជម្រាបថា ការធ្វើ Test Flight ដែលមានផ្ទុកក្រុមអវកាសយានិក របស់ក្រុមហ៊ុន SpaceX ត្រូវបានគេគ្រោងនឹងប្រព្រឹត្តទៅនាខែធ្នូ ក្រោយពីការធ្វើតេស្តហោះហើរដោយពុំមានមនុស្ស នៅខែសីហា ឆ្នាំ២០១៨។ ម៉្យាងវិញទៀត ក្រុមហ៊ុនផលិតយន្តហោះ ដ៏ល្បីលើពិភពលោក Boeing ក៏នឹងធ្វើការបង្ហាញសមត្ថភាពនៃយានអវកាស CST-100 Starliner របស់ខ្លួន តាមរយៈការហោះហើរ Test Flight ផ្ទុកមនុស្ស នៅខែវិច្ឆិកាផងដែរ បន្ទាប់ពីការធ្វើតេស្តដោយពុំមានផ្ទុកមនុស្ស នៅខែសីហា ដូច SpaceX ដែរ។
សម្រាប់ក្រុមហ៊ុន SpaceX នេះដែរ កាលពីពាក់កណ្តាលឆ្នាំ២០១៧ ធ្លាប់បានប្រកាសពីគំរោងធំមួយថា ខ្លួននឹងនាំមនុស្សទៅកាន់ភពអង្គារ ឲ្យបាននៅអំឡុងទសវត្សរ៍ឆ្នាំ២០២០ ដោយដើរមុនអង្គការ NASA ទៅទៀត។ អង្គការ NASA ដែលមានភាពស្ទាក់ស្ទើរនៅឡើយក្នុងគំរោងនាំមនុស្សទៅភពអង្គារឲ្យបានទាន់ពេលកំណត់នោះ នៅតែប្តេជ្ញានឹងសម្រេចគំរោងធំបំផុតរបស់ខ្លួន ឲ្យបាននៅអំឡុងឆ្នាំ២០៣០ ដែលស្ថិតនៅក្រោយការប្តេជ្ញារបស់ SpaceX ទៅទៀត៕