(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់បានទាត់ចោល សេចក្តីអំពាវនាវរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ដែលស្នើឲ្យមានការអនុញ្ញាតដល់ការធ្វើអធិការកិច្ច ពីសំណាក់បរទេស មកលើមូលដ្ឋាន ក៏ដូចជាទីតាំងយោធារបស់អ៊ីរ៉ង់ ក្រោមលេសនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
លោក ប៊ែរួស កាម៉ាល់វ៉ានឌី (Behrouz Kamalvandi) អ្នកនាំពាក្យអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ (AEOI) បានលើកឡើងថា បញ្ហានៃការបើកសិទ្ធិ ឲ្យបរទេសចូលមកក្នុងទីតាំងយោធាអ៊ីរ៉ង់ គឺមិនស្ថិតក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA) ឡើយ ទោះបីជាកាលពីមុនធ្លាប់មានករណីចុះអធិការកិច្ចមួយចំនួន មកលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់ ដូចជាបន្ទាយ Parchin ជាដើមក៏ដោយ ដែលធ្លាប់ត្រូវបានត្រួតពិនិត្យម្តងដោយទីភ្នាក់ងារឃ្លាំមើល ថាមពលអាតូមិកអន្តរជាតិ (IAEA)។
លោក Kamalvandi បានបន្ថែមថា តែបច្ចុប្បន្ន IAEA ពុំបានស្នើឲ្យមានការចុះអង្កេតមកទីតាំងយោធាអ៊ីរ៉ង់ដទៃទៀតឡើយ ហើយអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា សាធារណរដ្ឋអ៊ីស្លាមមួយនេះ នឹងមិនអនុញ្ញាតឲ្យភាគីបរទេសណាមួយចេញ-ចូលទីតាំងយោធារបស់ខ្លួនទៀតឡើយ រួមទាំង IAEA។
ការបញ្ជាក់របស់ លោក Kamalvandi ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តសម្រេចមិនអនុវត្តនូវទណ្ឌកម្មមួយចំនួន ទាក់ទងនឹងនុយក្លេអ៊ែរទៅលើប្រទេសអ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន ដោយបានដាក់លក្ខខណ្ឌខ្លះៗ សម្រាប់ការធ្វើដូច្នេះទៀតនាពេលក្រោយ។ ប៉ុន្តែភ្លាមៗក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា ទីក្រុងតេហេរ៉ង់នឹងគ្មានថ្ងៃចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាច ៥ បូក ១ ឡើងវិញឡើយ ទោះបីជាអាមេរិកដាក់សម្ពាធយ៉ាងណាក្តី។
គួរជម្រាបថា នៅក្រោមកិច្ចព្រមព្រៀងខាងលើ ដែលត្រូវបានចុះហត្ថលេខាដោយអ៊ីរ៉ង់ និងមហាអំណាច ៥ បូក ១ រួមមានចិន រុស្ស៊ី ចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ប្រធានាធិបតីអាមេរិកត្រូវតែចុះហត្ថលេខាផ្អាកការអនុវត្តទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើប្រទេសអ៊ីរ៉ង់ជារៀងរាល់ ១២០ថ្ងៃម្តង។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺសមិទ្ធផលដ៏ធំ របស់អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា៕