(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនមែនជាអ្នកប្រកាន់ពូសាសន៍នោះទេ ហើយការលើកឡើងបែបនេះ គឺជាការឆ្លើយតប ទៅនឹងសេចក្ដីរាយការណ៍ដ៏ចម្រូងចម្រាសដែលថា រូបលោកបានហៅជនអន្តោប្រវេសន៍មកពីប្រទេសហៃទី និងបណ្ដាប្រទេសអាហ្វ្រិកដទៃទៀតថា មកពីប្រទេសសំរាម គគ្រិចៗ និងគួរឲ្យខ្ពើម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
ភាពចម្រូងចម្រាសបានផ្ទុះឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា នៅក្នុងជំនួបជាមួយក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ស្ដីពីជនអន្តោប្រវេសន៍នាពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសួរថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិក ត្រូវទទួលយកជនអន្តោប្រវេសន៍មកពីប្រទេសហៃទី និងបណ្ដាប្រទេស «សំរាម» ជាច្រើនទៀត នៅអាហ្វ្រិក។ យ៉ាងណាក៏ដោយ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននានាក្នុងរដ្ឋផ្លូរីដា កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានបដិសេធថា លោកមិនមែនជាអ្នកប្រកាន់ ពូជសាសន៍នោះទេ។
«ខ្ញុំមិនមែនជាអ្នកប្រកាន់ពូជសាសន៍ឡើយ។ ខ្ញុំគឺជាមនុស្សមិនប្រកាន់ពូជសាសន៍ ដែលអ្នករាល់គ្នាមិនដែលបានសម្ភាសន៍»។ នេះជាការលើកឡើងរបស់ លោក ដូណាល់ ត្រាំ ជាការឆ្លើយតបនឹងការចេញផ្សាយព័ត៌មានវាយប្រហាររូបលោកពាសពេញពិភពលោក ជុំវិញការមើលងាយជាតិសាសន៍ដទៃ ក្នុងនាមជាមេដឹកនាំមហាអំណាចលេខ ១ របស់សកលលោកនេះ។
គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ រដ្ឋបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីការពារជនអន្តោប្រវេសន៍ខុសច្បាប់ រួម មានទាំងកុមារដែលត្រូវបាននាំមកកាន់សហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែលោកមិនជឿជាក់ឡើយថា អ្នកប្រជាធិបតេយ្យនឹងយល់ព្រមលើកិច្ចព្រមព្រៀងនេះ៕