(ព្យុងយ៉ាង)៖ ខណៈទើបតែទទួលបានសញ្ញាវិជ្ជមានបន្តិចបន្តួច តាមរយៈកិច្ចពិភាក្សាជាន់ខ្ពស់រវាងគ្នានិងគ្នា ទីបំផុតកូរ៉េខាងជើងបានចេញមុខព្រលះប្រធានាធិបតីកូរ៉េខាងត្បូង ដែលបាននិយាយលើកតម្កើងតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធជំរុញឲ្យទីក្រុងព្យុងយ៉ាង ព្រមចូលតុពិភាក្សាអន្តរកូរ៉េកាលពីសប្តាហ៍មុនទៅវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងក្នុងបទអត្ថាធិប្បាយមួយថា «ការធ្វើសុន្ទរកថាដ៏មិនសមរម្យមួយ ដែលបានបង្កភាពភ័យព្រួយបារម្ភនៅក្នុងបរិយាកាស សម្រាប់ការផ្សះផ្សាគ្នា ត្រូវបានលឺសូរឡើងពីប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងការធ្វើសន្និសីទសារព័ត៌មានសម្រាប់ឆ្នាំថ្មីរបស់ប្រធានាធិបតី មូន ជែអ៊ីន កាលពីសប្តាហ៍កន្លងទៅ»។
KNCA បានប្រើពាក្យធ្ងន់ៗសំដៅទៅកាន់លោកប្រធានាធិបតីកូរ៉េខាងត្បូងថា «ទង្វើបែបនេះ គឺជាការស្រវ៉ាផ្គាប់ចិត្តម្ចាស់របស់ខ្លួន ដែលមានភាពមិនសប្បាយចិត្ត»។ ម៉្យាងវិញទៀត បណ្តាញសារព័ត៌មាន ដែលប្រៀបដូចជាព្រាបនាំសាររបស់ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមួយនេះ ក៏បានដាក់ជាមន្ទិលសង្ស័យផងដែរ ទៅលើឥរិយាបថរបស់លោក មូន ថាតើរូបលោកមានចេតនាពិត ចង់បង្កើនទំនាក់ទំនងក៏ដូចជាកសាងទំនុកចិត្ត រវាងបងប្អូនខាងជើង និងខាងត្បូងដែរឬយ៉ាងណា។
ទីភ្នាក់ងារព័ត៌មាន KCNA បានរិះគន់លោក មូន ដោយសារតែការថ្លែងអំណរគុណរបស់លោក ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកដៃទីក្រុងព្យុងយ៉ាងចូលទៅតុពិភាក្សាអន្តរកូរ៉េ តាមរយៈការដាក់សម្ពាធជាអតិបរមា ព្រមទាំងទណ្ឌកម្មផ្សេងៗ និងដោយសារការអំពាវនាវរបស់ លោក មូន ផ្ទាល់ ក្នុងការលើកឡើងថា ការដកអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង គឺជាគោលដៅចុងក្រោយនៃកិច្ចពិភាក្សារវាងប្រទេសទាំងពីរ។
គួរជម្រាបថា កិច្ចពិភាក្សាជាន់ខ្ពស់អន្តរកូរ៉េកាលពីសប្តាហ៍មុន ទទួលបានលទ្ធផលមួយចំនួន រួមមាន ការព្រមព្រៀងលើកិច្ចសហប្រតិបត្តិការក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ Pyeongchang ឆ្នាំ២០១៨ និងការឯកភាពនៃភាគីទាំងពីរ ក្នុងការចាត់វិធានការបន្ត ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។
ដោយឡែក នាថ្ងៃចន្ទនេះកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក៏ត្រូវជួបគ្នាជាថ្មីម្តងទៀតផងដែរ នៅព្រំដែនអន្តរកូរ៉េ ក្នុងកម្រិតការងារ ដើម្បីជជែកអំពីការបញ្ជូនក្រុមតន្រ្តីកូរ៉េខាងជើង មកកាន់ព្រឹត្តិការណ៍ Pyeongchang Winter Olympics ដែលនឹងប្រព្រឹត្តទៅលើទឹកដីកូរ៉េខាងត្បូង ចាប់ពីខែកុម្ភៈដល់ ខែមីនា ឆ្នាំ២០១៨នេះ៕