(មិចស៊ីកូ)៖ អាជ្ញាធរមិចស៊ីកូ បានឱ្យដឹងថាអ្នកសារព័ត៌មានម្នាក់ត្រូវបានគេសម្លាប់នៅក្នុងរដ្ឋ Tamaulipas នៃភាគខាងជើងប្រទេសមិចស៊ីកូ ខណៈអំពើហិង្សាប្រឆាំង អ្នកសារព័ត៌មានកំពុងកើនឡើង។ មិចស៊ីកូ ត្រូវបានគេចាត់ទុកថាជាប្រទេសមានគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោកសម្រាប់អ្នកសារព័ត៌មាន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរមិចស៊ីកូ អ្នកសារព័ត៌មានឈ្មោះ Carlos Dominguez ត្រូវបានគេសម្លាប់កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងទីក្រុង Nuevo Laredo នៃរដ្ឋ Tamaulipas។ ក៏ប៉ុន្តែ មូលហេតុនៃឃាតកម្មនេះមិនទាន់ត្រូវបានគេកំណត់នៅឡើយទេ ខណៈអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់ថាតើការស្លាប់របស់លោក Dominguez មានជាប់ពាក់ព័ន្ធនឹងតួនាទីជាអ្នកសារព័ត៌មាន ឬក៏យ៉ាងណា។ លោក Dominguez គឺជាអ្នកសារព័ត៌មានឯករាជ្យម្នាក់ ដែលតែងតែសរសេរ និងយកព័ត៌មានទាក់ទិននឹង នយោបាយ ហើយព័ត៌មានចុងក្រោយដែលលោកចុះផ្សាយគឺនិយាយពីការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមិចស៊ីកូ មុនការបោះឆ្នោតប្រធានាធិបតីមកដល់នៅ
ខែកក្កដា ខាងមុខនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ អ្នកសារព័ត៌មាន៦៧នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសមិចស៊ីកូ។ នេះបើតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលចាត់ទុកថា មិចស៊ីកូគឺជាប្រទេសមានគ្រោះថ្នាក់បំផុតមួយសម្រាប់អ្នកសារព័ត៌មាន៕