(ស៊ីដនី)៖ មនុស្សប្រមាណ១,៥០០នាក់ ត្រូវបានជម្លៀសចេញពីកោះមួយកន្លែងនៃភាគខាងជើងឆ្នេរប្រទេសដែនកោះ Papua New Guinea (PNG) ទៅកាន់ទីទួលមាន សុវត្ថិភាព បន្ទាប់ពីភ្នំភ្លើងនៅក្បែរនោះបានផ្ទុះ។ នេះបើតាមទីភ្នាក់ងារកាកបាទក្រហមក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារកាកបាទក្រហមក្នុងតំបន់ ភ្នំភ្លើងខាងលើដែលមានទីតាំងស្ថិតនៅលើកោះ Kadovar ស្ថិតនៅចំងាយ២៤គីឡូម៉ែត្រ ពីភាគខាងជើងដែនដីគោករបស់ Papua New Guinea បានចាប់ផ្ដើមផ្ទុះកាលពីថ្ងៃទី០៥ ខែមករា មកម្លេះ ហើយវាក៏បានបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្ស ៥៩០នាក់នៅលើកោះ Kadovar ទៅកាន់កោះ ក្បែរខាង Blup Blup រួចហើយដែរ ដើម្បីការពារពួកគេពីគ្រោះថ្នាក់ជាយថាហេតុនានា។ បន្ថែមពីលើនេះ បន្ទាប់ពីបញ្ចេញផេះយ៉ាងក្រាស់ខ្មឹកទៅលើអាកាស ភ្នំភ្លើង មួយនេះបានផ្ទុះជាថ្មីទៀតកាលពីថ្ងៃសុក្រ ដោយបញ្ចេញផ្ទាំងថ្មធំៗពណ៌ក្រហម និងស្ពាន់ធ័រឌីអុកស៊ីតទៀតផង។
គួរបញ្ជាក់ថា កាកបាទក្រហមអន្តរជាតិក្នុងតំបន់ បានសម្រេចចិត្តផ្ដល់ជំនួយ ២៦,២៧៤ដុល្លារ ដល់អាជ្ញាធរ Papua New Guinea រីឯក្រសួងការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ក៏បានប្រកាសដែរថារដ្ឋាភិបាលអូស្ត្រាលី នឹងផ្ដល់ប្រាក់១៩,៧៧៥ដុល្លារ ក្រោមរូបភាពជំនួយមនុស្សធម៌ដល់ប្រជាជនរងផលប៉ះពាល់៕