(មូស្គូ)៖ ការសិក្សាថ្មីមួយរបស់គេហទំព័រ New Daily បានឱ្យដឹងថា តម្លៃធ្វើលិខិតឆ្លងដែនអូស្ត្រាលី ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានតម្លៃថ្លៃជាងគេបំផុតនៅលើ ពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨។

យោងតាម New Daily នាពេលបច្ចុប្បន្ន តម្លៃធ្វើលិខិតឆ្លងអូស្ត្រាលី សម្រាប់សុពលភាព១០ឆ្នាំ បានហក់ឡើងថ្លៃដល់ទៅ ២៨២ដុល្លារ ឬអាចនិយាយបានថាវាកើន ឡើង៤០ភាគរយ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០១៥​ លិខិតឆ្លងដែនអូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខពីរ បន្ទាប់ពីតួកគីដែលសព្វថ្ងៃលិខិតឆ្លងដែន តួកគីមានតម្លៃ​២៥៥ដុល្លារ។ ដោយឡែក ជុំវិញការឡើងថ្លៃនេះដែរ អ្នកនាំពាក្យក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីម្នាក់បានបញ្ជាក់ថាតម្លៃលិខិតឆ្លងដែន គឺអាស្រ័យលើគុណភាពឯកផលិតផលិត និងកំរិតសេវាកម្មដែលផ្ដល់ជូន។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ លិខិតឆ្លងដែនអូស្រ្តាលីជាប់ចំណាត់លេខ២២ នៃលិខិតឆ្លងដែនមានឥទ្ធិពលបំផុតដែលអាចធ្វើដំណើរទៅក្រៅប្រទេសដោយមិនចាំបាច់ មានវីសា ឬទិដ្ឋាការ ខណៈលិខិតឆ្លងដែនអាល្លឺម៉ង់វិញគឺមានឥទ្ធិពលជាងគេបំផុតលើលោក ដោយប្រជាជនអាល្លឺម៉ង់ អាចធ្វើដំណើរទៅកាន់១៧៧ ប្រទេសដោយមិនចាំ បាច់មានទិដ្ឋាការ។ ចំណែកឯ កាលពីខែតុលា ឆ្នាំ២០១៧ លិខិតឆ្លងដែនសិង្ហបុរី មានឥទ្ធពលជាងគេបំផុត ហើយប្រជាជននៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះអាចធ្វើ ដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន១៥៩៕