(វ៉ាស៊ីនតោន)៖ ការជូនដំណឹងនៃការព្រមានពីការវាយប្រហារដោយគ្រាប់មីស៊ីល បានបង្កឱ្យប្រជាជននៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក មានការស្លន់ស្លោយ៉ាងខ្លាំង កាលពីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) មុននឹងវាត្រូវបានគេប្រកាសថាជាការយល់ច្រឡំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរហាវ៉ៃ អ្នកប្រើប្រាស់ទូរសេព្ទដៃទទួលបានសារមួយ ដោយប្រាប់ពួកគេថា មានការគំរាមកំហែងពីមីស៊ីលបាលិស្ទីគមកលើរដ្ឋហាវ៉ៃ ដូច្នេះត្រូវតែរកកន្លែង មានសុវត្ថិភាពជាបន្ទាន់ ព្រោះនេះមិនមែនជាការធ្វើសមយុទ្ធនោះទេ។ ប៉ុន្តែក្រោយ អភិបាលរដ្ឋ លោក David Ige បានចេញមុខសូមទោសចំពោះការយល់ច្រឡំនេះ ដែលបង្កឡើងដោយបុគ្គលិកម្នាក់បានចុចប៊ូតុងខុស ចំណែកឯអាជ្ញាធរអាមរិក ក៏កំពុងធ្វើការស៊ើបការលើករណីនេះដែរ។

គួរបញ្ជាក់ថា ប្រព័ន្ធប្រកាសសញ្ញាអាសន្នត្រូវបានតម្លើងលើរដ្ឋហាវ៉ៃ ដោយសារតែរដ្ឋមួយនេះស្ថិតក្រោមការគំរាមកំហែងខ្ពស់ពីមីស៊ីលកូរ៉េខាងជើង ក្នុងករណីមានការវាយប្រហារណាមួយ៕