(ញូដេលី)៖ ទូកមួយគ្រឿងដឹកក្មេងៗសិស្សសាលាសរុប ៤០នាក់ បានលិចនៅក្នុងសមុទ្រ Arabia ក្បែរតំបន់ឆ្នេររដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា នាំឲ្យពួកគេក្នុងចំណោមនោះ ០៤នាក់ បាត់បង់ជីវិត, ៣២នាក់ត្រូវបានសង្គ្រោះ និង ០៤នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។
ហេតុការណ៍បានកើតមានឡើង នៅក្បែរតំបន់ឆ្នេរសមុទ្រនៃស្រុក Dahanu នៃរដ្ឋខាងលើនេះ ដែលមានចម្ងាយ ១១០គីឡូម៉ែត្រ ពីទីក្រុងម៉ុមបៃ ជាទីមានប្រជាជនរស់នៅច្រើនជាងគេនៅប្រទេសឥណ្ឌា។ ចំពោះចំនួនក្មេងៗដែលស្លាប់ អាចនឹងមានការកើនឡើង ខណៈដែល ០៤នាក់ ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងទឹកសមុទ្រនៅឡើយ។ នេះបើតាមការដកស្រង់សម្តីពីមន្ត្រីព័ត៌មានរដ្ឋ Maharashtra លោក Prashant Narnaware។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះ គឺបាន និងកំពុងបន្តដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងទូកល្បាត។ តាមពិតសិស្សក្មេងៗខាងលើនេះ បានធ្វើដំណើរតាមទូកកម្សាន្តនៅថ្ងៃចុងសប្តាហ៍ ហើយក៏ជួបហេតុការណ៍ដ៏អកុសល្យនេះតែម្តង ហើយមូលហេតុចម្បងមួយដែលបានបង្ករឿងនេះឡើយ ត្រូវបានអាជ្ញាធរបន្ទោសលើការដឹកលើសចំណុះ៕