(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធប្រមាណ ២៦នាក់ បានស្លាប់បាត់បង់ជីវិត និង ១៦នាក់ទៀតរងរបួសនៅក្នុងប្រតិបត្តិការយ៉ាងក្តៅគគុក ធ្វើឡើងដោយយោធាអាហ្វហ្គានីស្ថាន នៅទូទាំងប្រទេសតែម្តងក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។
ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានបញ្ជាក់នៅថ្ងៃសៅរ៍នេះទៀតថា «កងកម្លាំងចំរុះនៃប្រទេសអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារទូទាំងប្រទេស និងសម្លាប់ពួកសកម្មប្រយុទ្ធ ២៦នាក់, បង្ករបួស ១៦នាក់ និងចាប់ខ្លួនពួកគេ ០៣នាក់ ថែមទៀត។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ គឺមាន ១៣នាក់ ជាសមាជិក ISIS»។ បន្ថែមពីនេះទៀត អាវុធយុទ្ធភណ្ឌ និងគ្រាប់បែកជាច្រើនប្រភេទ ក៏ត្រូវបានកងកម្លាំងអាហ្វហ្គានីស្ថានរឹបអូសផងដែរ។
គួរបញ្ជាក់ថា ជារឿយៗកងកម្លាំងការពារសន្តិសុខអាហ្វហ្គានីស្ថាន តែងតែសហការជាមួយកងកម្លាំងអង្គការ NATO និងសហរដ្ឋអាមេរិក នៅក្នុងការចេញប្រតិបត្តិការបោសសម្អាត ក្រុមសកម្មប្រយុទ្ធជនជាតិភាគតិច ជាពិសេសក្រុមភេរវករ ISIS ដែលបានប្រកាសរួចជាស្រេចហើយកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ ថាពួកគេបានកំពុងសំឡឹងរកមើលទីតាំងណាមួយនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ដើម្បីធ្វើជាមូលដ្ឋានរឹងមាំថ្មី ខណៈដែលទីតាំងឈរជើងនៅអ៊ីរ៉ាក់ត្រូវបានកម្ទេចខ្ចាត់ខ្ចាយ និងនៅស៊ីរីកំពុងចុះថមថយខ្លាំង៕