(ឡាហាវ៉ាន់)៖ រដ្ឋាភិបាលគុយបាបានថ្កោលទោសជាខ្លាំង ចំពោះពាក្យសម្តីប្រមាថមើលងាយពូជសាសន៍ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅលើប្រទេសហៃទី និងអែលសាលវែឌ័រ ដែលស្ថិតនៅតំបន់អាមេរិកកណ្តាល រួមទាំងបណ្តាប្រទេសអាហ្វ្រិកដទៃទៀត។ នេះបើតាមការចេញផ្សាយដោយរសៀលថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងខាងលើ គុយបាបានបង្ហាញការយល់ស្រប ចំពោះការថ្កោលទោសជាទម្ងន់ ទៅលើពាក្យសម្តីរើសអើងរបស់លោកប្រធានាធិបតីអាមេរិក និងបានសម្តែងនូវសាមគ្គីភាពដោយស្មោះអស់ពីបេះដូង ចំពោះប្រទេសទាំងឡាយ ដែលបានទទួលរងការប្រមាថមើលងើយ ពីសំណាក់មេដឹកនាំនៃប្រទេសមហាអំណាចលេខ ១ នៅពិភពលោកមួយនេះ។
គួរជម្រាបថា បើតាមសារព័ត៌មាន Washington Post ក្នុងអំឡុងកិច្ចប្រជុំមួយក្នុងការិយាល័យប្រធានាធិបតី (Oval Office) នៅឯសេតវិមាន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយក្រុមសមាជិកព្រឹទ្ធសភា ដើម្បីពិភាក្សាអំពីស្ថានភាព នៃជនអន្តោប្រវេសន៍ខ្លះនៅក្នុងប្រទេស លោក ដូណាល់ ត្រាំ បានមើលងាយទៅលើប្រទេសហៃទី អែលសាលវែឌ័រ និងបណ្តាប្រទេសអាហ្រ្វិកដទៃទៀតថា ជាកន្លែងគគ្រិច និងគួរឲ្យខ្ពើម៕