(សេអ៊ូល)៖ ក្រោយពីភាពវិជ្ជមានមួយចំនួនបានកើតមានឡើង នៅក្នុងជំនួបពិភាក្សារវាងក្រុមមន្រ្តីតំណាង នៃប្រទេសទាំងពីរនាដើមសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាង បានស្នើឲ្យមានកិច្ចសន្ទនាជាមួយទីក្រុងសេអ៊ូលបន្តទៀត ដើម្បីជជែកអំពីការបញ្ជូនក្រុមសិល្បៈ-តន្រ្តីរបស់ខ្លួន មកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ នៅកូរ៉េខាងត្បូងនាខែក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។
បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កូរ៉េខាងជើងបានដាក់សំណើមកកាន់កូរ៉េខាងត្បូង សំដៅបើកកិច្ចពិភាក្សាការងារនាថ្ងៃចន្ទ ទី១៥ ដើមសប្តាហ៍ក្រោយ នៅអគារ Tongilgak ដែលគ្រប់គ្រងដោយកូរ៉េខាងជើង នៅភូមិ Panmunjom ក្នុងព្រំដែនអន្តរកូរ៉េ ដើម្បីជជែកពិភាក្សាអំពីការបញ្ជូនក្រុមសិល្បៈតន្រ្តី មកកាន់ព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលរៀបចំឡើងដោយកូរ៉េខាងត្បូង។
គួរជម្រាបថា សំណើនេះត្រូវបានផ្ញើមកកាន់ភាគីកូរ៉េខាងត្បូង តាមរយៈប្រព័ន្ធខ្សែទូរស័ព្ទបន្ទាន់ (Hotline) ដែលទើបត្រូវបើកឡើងវិញ ដែលវាគឺជាសំណើតបពីលើការស្នើរបស់កូរ៉េខាងត្បូង នាថ្ងៃសុក្រម្សិលមិញ ដែលមានបំណងដូចគ្នា ក្នុងការបើកកិច្ចពិភាក្សាការងារនាថ្ងៃទី១៥ ខែមករា នៅឯផ្ទះសន្តិភាពស្ថិតក្នុងចំហៀងគ្រប់គ្រងដោយកូរ៉េខាងត្បូង នៃភូមិ Panmunjom ដើម្បីពិភាក្សាអំពីការបញ្ជូនក្រុមប្រតិភូនានាពីកូរ៉េខាងជើង ដោយរួមមានទាំងក្រុមសិល្បៈខាងលើផងដែរ។
ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ទៀតថា ខ្លួននឹងជូនដំណឹងដល់កូរ៉េខាងត្បូងជាបន្តបន្ទាប់ទៀត ជុំវិញការស្នើកំណត់កាលបរិច្ឆេទ សម្រាប់កិច្ចសន្ទនាការងារ ស្តីពីបញ្ហាផ្សេងៗទៀត រួមានការបញ្ជូនក្រុមអត្តពលិក និងក្រុមនារីគាំទ្រលើកទឹកចិត្តកីឡាករជាដើម៕