(រ៉ង់ហ្គូន)៖ ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានចេញផ្សាយថា លោកស្រី អោងសាន ស៊ូជី បានសម្តែងការស្វាគមន៍ ចំពោះទង្វើសម្លាប់រង្គាលដោយកងទ័ពមីយ៉ាន់ម៉ា ទៅលើក្រុមជនជាតិរ៉ូហ៊ីងយ៉ាដែលខ្លួនចោទប្រកាន់ថា ជាភេរវករបង្កអសន្តិសុខនៅរដ្ឋរ៉ាឃីននោះ ក្រោយយោធាមីយ៉ាន់ម៉ាប្រកាសថា ប្រតិបត្តិការរបស់យោធាកន្លងមក «គឺជាភាពវិជ្ជមាន»។ នេះជាលើកទីមួយហើយសម្រាប់លោកស្រី ក្នុងឆ្លើយគាំទ្រពេញទំហឹងចំពោះស្ថាប័នយោធា ទោះបីកំពុងរងសម្ពាធឥតគណនាពីអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពី AFP នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។
ការថ្លែងគាំទ្រចំពោះការអះអាងពីយោធាមីយ៉ាន់ម៉ាខាងលើនេះ បានធ្វើឡើងក្រោយពីយោធាមីយ៉ាន់ម៉ា បានសារភាពកាលពីថ្ងៃពុធកន្លងទៅនេះថា ខ្លួនបានស៊ើបរកឃើញកងកម្លាំងយោធាចំនួន ០៤នាក់ ដែលបានសម្លាប់ ក្រុមសកម្មប្រយុទ្ធសង្ស័យជាជនជាតិរ៉ូហ៊ីងយ៉ា ចំនួន ១០នាក់ ដែលគេមើលថា កំពុងបង្កអសន្តិសុខនៅក្នុងភូមិ Inn Din កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំមុន ហើយបានកប់សាកសពពួកគេទាំងនោះ នៅក្នុងរណ្តៅ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាហាក់មិនសូវមានការឆ្លើយតប ចំពោះការអំពាវនាវពីអន្តរជាតិនោះឡើយ ដោយសារតែខ្លួនតែងតែចាត់ទុក ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមួយចំនួនថា «ជាក្រុមភេរវករ» ដែលបង្កអសន្តិសុខខ្លាំងនៅភាគខាងលិចមីយ៉ាន់ម៉ានោះ។ ទោះបីជាបែបនេះក្តី ជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ ៦៥០,០០០នាក់ គឺកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស ហើយរដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អោងសាន ស៊ូជី ក្លាយជាមុខព្រួញនៃការដាក់សម្ពាធពីអន្តរជាតិ ដើម្បីឲ្យមីយ៉ាន់ម៉ាទទួលជនភៀសខ្លួនទាំងនោះ ត្រឡប់មកកាន់ទឹកដីដើមវិញ៕