(ប៉េកាំង)៖ បន្ទាប់ពីនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ទៅកាន់ប្រទេសកម្ពុជា ក្រសួងការបរទេសចិន ក៏បានធ្វើការរៀបរាប់ពីសារៈសំខាន់នៃដំណើរទស្សនៈកិច្ចដ៏សំខាន់នេះ នាឱកាសគម្រប់ខួប ៦០ឆ្នាំ នៃការបង្កើតចំណងការទូតរវាងចិន និងកម្ពុជា។ នេះបើតាមការដកស្រង់ខ្លឹមសារ ចេញពីការធ្វើសន្និសីទព័ត៌មានប្រចាំថ្ងៃ របស់ក្រសួងការបរទេសចិន និងចេញផ្សាយដោយវែបសាយក្រសួងការបរទេសចិន នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។ (បកប្រែក្រៅផ្លូវការ)
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក លី ខឺឈាង ទៅកាន់កម្ពុជា ដែលបានប្រព្រឹត្តទៅនាដើមឆ្នាំថ្មីនេះតែម្តងនោះ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់មេដឹកនាំចិនក្នុងឆ្នាំ២០១៨ នេះ។ ប្រការនេះបានបង្ហាញឲ្យឃើញពីទំហំដ៏ធំធេង នៃសារៈសំខាន់ដែលទីក្រុងប៉េកាំង ផ្សាភ្ជាប់ទៅក្នុងទំនាក់ទំនងរវាងចិន-កម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី លី ខឺឈាង បានចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន។ នាឱកាសនោះ ភាគីទាំងពីរបានថ្លែងកោតសរសើរជាខ្លាំង ចំពោះចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា នៅក្នុងអំឡុងពេល ០៦ទសវត្សរ៍កន្លងទៅនេះ គិតតាំងពីការបង្កើតចំណងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយរដ្ឋាភិបាលទាំងពីរ ក៏បានព្រមព្រៀងគ្នាបន្តកសាងសមិទ្ធិផលបន្ថែមទៀត ព្រមទាំងចាប់ផ្តើមអនាគតថ្មី ក៏ដូចជាសហការគ្នាបង្កើត សហគមន៍យុទ្ធសាស្រ្តមួយ ដែលមានអនាគតរួមគ្នាផងដែរ។
ភាគីទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ ទំនាក់ទំនងយុទ្ធសាស្ត្រជាញឹកញាប់ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗ។ យើងនឹងបន្តគាំទ្រប្រជាជនកម្ពុជា នៅក្នុងការជ្រើសរើសផ្លូវសម្រាប់អភិវឌ្ឍន៍ ដែលសមស្របទៅនឹងភាពជាក់ស្តែងរបស់ពួកគេ និងផ្តល់នូវជំនួយដល់ភាគីកម្ពុជាដើម្បីរក្សាឲ្យបាននូវស្ថិរភាព ការសម្រេចបាននូវការអភិវឌ្ឍ និងការបង្កើនជីវភាពរស់នៅរបស់ប្រជាជន ទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។
យើងនឹងលើកកម្ពស់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋចិន ធ្វើដំណើរមកកម្ពុជា ហើយថែមទាំងបង្កើតឱកាសបន្ថែមសម្រាប់យុវជននៃប្រទេសទាំងពីរ ធ្វើការសិក្សាស្វែងយល់ពីគ្នា និងបង្កើតអ្នកស្នងតំណែងបន្តសម្រាប់ជម្រុញទំនាក់ទំនងចិន និងកម្ពុជាផងដែរ។ ភាគីទាំងពីរក៏នឹងបង្កើនការសម្រលសម្រួលពហុភាគី លើកកម្ពស់ផលប្រយោជន៍ នៃប្រទេសកំពុងអភិវឌ្ឍន៍ និងបង្កើនការឧបត្ថម្ភឲ្យបានលើសលប់ ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ រួមទាំងពិភពលោកទាំងមូល។
អំឡុងពេលនៃដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា លើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ១៩, បំពេញទស្សនកិច្ចនៅក្នុងពិព័រណ៍រូបភាព រំលឹកខួបលើកទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតចិន-កម្ពុជា, ចូលរួមពិធីបើកសម្ពោធ «កម្មវិធីដំណើរកម្សាន្តបេះដូងនៃក្តីស្រឡាញ់» ដែលឧបត្ថម្ភគាំទ្រដោយប្រទេសចិន និងសម្ពោធគំរោងនៃមន្ទីរពេទ្យមិត្តភាពព្រះកុសមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ក្រោមជំនួយពីចិន។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ត្រូវបានធ្វើឡើងនាឱកាសប្រារព្ធខួប ៦០ឆ្នាំ នៃការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា។ រយៈពេល ០៦ ទសវត្សរ៍នេះ ពិតជាបានក្លាយជាសាក្សីដល់មិត្តភាពចិន-កម្ពុជា និងភាគជោគជ័យ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយនឹងលទ្ធផល នៃការបំពេញដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ដែលត្រូវបានបោះជំហានម្តងមួយៗ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងចិន និងកម្ពុជា ត្រូវបានគេរំពឹងថា នឹងសម្រេចបាននូវការអភិវឌ្ឍដ៏ធំធេងបន្ថែមទៀត៕