(ប៉េកាំង)៖ យន្តហោះចម្បាំងចិនធុន J-16 កំពុងត្រូវបានដាក់បញ្ជូលយ៉ាងស្ងាត់ៗទៅក្នុង ជួរកម្លាំងទ័ពដ៏ធំជាងគេបំផុតលើលោក PLA របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។
បើតាមសារព័ត៌មានស្តីពីវិស័យការពារជាតិ Defense News យន្តហោះចម្បាំងចិន J-16 កំពុងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពអាកាសចិន ក្នុងអត្រាយ៉ាងឆាប់រហ័សជាងយន្តហោះចម្បាំងជំនាន់ថ្មី J-20 ដែលទទួលបានការចំណាប់អារម្មណ៍ខ្លាំង ពីអន្តរជាតិទៅទៀត។
បើតាមប្រភពព័ត៌មានខាងលើ យន្តហោះធុន J-16 យ៉ាងតិច ០២ក្រុម ថែមទៀតត្រូវបានបញ្ចូល ឬក៏កំពុងស្ថិតក្នុងដំណើរការដាក់បញ្ចូល ទៅក្នុងកងទ័ពអាកាស PLA ដោយផ្អែកទៅលើរូបភាពថ្មីៗ ដែលចេញផ្សាយដោយក្រសួងការពារជាតិចិន។ ជាមួយចំនួនបន្ថែមនេះ ទ័ពអាកាសចិនមានក្រុមយន្តហោះចម្បាំង J-16 យ៉ាងតិច ០៣ក្រុម ហើយ ដើម្បីត្រៀមប្រយុទ្ធក្នុងសមរភូមិ។
គួរជម្រាបថា J-16 គឺជាយន្តហោះចម្បាំង ដែលផលិតឡើងតាមគំរូនៃយន្តហោះចម្បាំងមានសមត្ថភាពចំរុះធុន Su-30 របស់រុស្ស៊ី ដែលក្រុមអ្នកជំនាញបានចាត់ទុកថាគឺជា គូប្រជែងលើផ្ទៃអាកាស ដែលមានសមត្ថភាព ពុំចាញ់យន្តហោះចម្បាំងធុន F-15 របស់សហរដ្ឋអាមេរិកឡើយ។
ដោយឡែក យន្តហោះចម្បាំងជំនាន់ទី០៥ ធុន J-20 ដែលទោះជាត្រូវបានកងទ័ពចិន ដាក់ឲ្យដំណើរការកាលពីខែកញ្ញាឆ្នាំទៅក៏ដោយ វាត្រូវអ្នកជំនាញរំពឹងថា នឹងចំណាយពេលវេលាយូរថែមទៀត ដើម្បីដាក់បញ្ចូលឲ្យប្រើប្រាស់ពេញលេញទាំងស្រុង ដូចនឹងយន្តហោះចម្បាំងប្រភេទធុន F-35 របស់អាមេរិកដែរ៕