(វ៉ាស៊ីនតោន)៖ ផ្កាយរណបស៊ើបការណ៍អាមេរិកមួយផ្សេងទៀត ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានទ័ពអាកាស Vandenberg នាចុងសប្តាហ៍នេះ ដោយសង្ឃឹមថា នឹងមិនជួបជោគវាសនា ដូចទៅនឹងការបាញ់បង្ហាញផ្កាយរណបដ៏អាថ៌កំបាំងមួយគ្រឿងផ្សេងទៀត (Zuma) កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយក្រុមហ៊ុនអវកាសឯកជន SpaceX នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។
ផ្កាយរណបដែលបាញ់បង្ហោះនាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) មានឈ្មោះថា NROL-47 និងបានហោះឡើងឆ្ពោះទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Delta IV របស់ក្រុមហ៊ុន United Launch Alliance (ULA) ចេញពីបន្ទាយទ័ពអាកាសអាមេរិក Vandenberg ក្នុងរដ្ឋកាលីហ្វរញ៉ា។ នាខណៈនេះ អ្វីដែលគេដឹងអំពី NROL-47 នោះគឺថា វានឹងត្រូវធ្វើប្រតិបត្តិការដោយការិយាល័យស៊ើបការណ៍ជាតិ (NRO) ដែលជាអ្នកផលិត និងគ្រប់គ្រងផ្កាយរណបចារកម្ម របស់សហរដ្ឋអាមេរិក។
បើតាមសេចក្តីថ្លែងការណ៍របស់ ULA ក្រុមហ៊ុនអវកាសនេះ ព្រមទាំង NRO សង្ឃឹមថា ការបាញ់បង្ហោះផ្កាយរណបខាងលើ នឹងទទួលបានលទ្ធផលប្រសើរជាងការបាញ់បង្ហោះរបស់ក្រុមហ៊ុន SpaceX កាលពីជិតមួយសប្តាហ៍មុន ខណៈមានសេចក្តីរាយការណ៍ជាច្រើន បានអះអាងថា ផ្កាយរណបស៊ើបការណ៍ Zuma ទំនងជាបានទទួលបរាជ័យ ក្រោយពីបានទៅដល់គន្លងអវកាសតែបន្តិចប៉ុណ្ណោះ។
គួរជម្រាបថា យ៉ាងណាមិញស្ថានភាពជាក់ស្តែងថា តើបេសកកម្ម Zuma ទទួលជោគជ័យដែរ ឬយ៉ាងនោះនៅតែជាមន្ទិលសង្ស័យ និងស្រពិចស្រពិលនៅឡើយ មកទល់ពេលនេះ ព្រោះតែអ្នកតាមដានមួយចំនួនអះអាងថា អាមេរិកអាចបិទបាំងភាពជោគជ័យរបស់ខ្លួន ដើម្បីបង្វែការចាប់អារម្មណ៍របស់បរទេស៕