អាមេរិក៖ CEO ក្រុមហ៊ុន Amazon និងភរិយា «បរិច្ចាគថវិកា ៣៣លានដុល្លារ» ជួយដល់សិស្សានុសិស្សអន្តោប្រវេសន៍!
13-01-2018 10:34
(សាន់ហ្វ្រាន់ស៊ីស្កូ)៖ កំពូលមហាសេដ្ឋីលេខមួយពិភពលោក គឺលោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលជា CEO (នាយកប្រតិបត្តិ) របស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុត Amazon រួមនិងភរិយាលោកស្រី ម៉ាកខេនី (MacKenzie) កំពុងរៀបចំធ្វើការបរិច្ចាគថវិកាចំនួន ៣៣លានដុល្លារ ទៅក្នុងកម្មវិធីអាហារូបករណ៍ ដើម្បីជួយដល់សិស្សានុសិស្សអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។
មូលនិធិអាហារូបករណ៍មានឈ្មោះថា TheDream.US ដែលជាកម្មវីធីផ្តល់អាហារូបករណ៍ធំជាងគេបង្អស់ សម្រាប់ជន Dreamer នៅសហរដ្ឋអាមេរិកនោះ នឹងផ្តល់ជំនួយថវិកាខាងលើ ដែលជាចំនួនច្រើនបំផុតដែលស្ថាប័ននេះ ទទួលបាននៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ទៅកាន់សិស្សអន្តោប្រវេសន៍ ដែលពុំមានឯកសារត្រឹមត្រូវចំនួន ១,០០០នាក់ ដែលបញ្ចប់ការសិក្សាពីវិទ្យាល័យអាមេរិក ហើយស្ថិតក្រោមការការពារនៃច្បាប់ DACA ដើម្បីជួយពួកគេបន្តការទទួលបានចំណេះដឹង នៅមហាវិទ្យាល័យថែមទៀត។
គួរជម្រាបថា ជន «Dreamer» គឺសំដៅទៅលើក្រុមជនអន្តោប្រវេសន៍ ដែលពុំមានលិខិតស្នាមត្រឹមត្រូវ និងត្រូវបាននាំមកកាន់ទឹកដីសហរដ្ឋអាមេរិក តាំងតែពីកុមារភាព ហើយស្ថិតក្រោមការការពារនៃកម្មវិធី DACA ដែលជាគោលនយោបាយស្តីពីបញ្ហាអន្តោប្រវេសន៍ បង្កើតឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១២ ដើម្បីបញ្ចៀសកុំឲ្យពួកគេទាំងនោះ ត្រូវបណ្តេញពីចេញអាមេរិកវិញ។ កម្មវីធីនេះទៀតសោត ក៏ជាអ្វីដែលប្រធានាធិបតីបច្ចុប្បន្ន លោក ដូណាល់ ត្រាំ កំពុងព្យាយាមលុបបំបាត់ចោលផងដែរ។
ដោយឡែកសម្រាប់ លោក Bezos ដែលជាម្ចាស់ប្រាក់ឧបត្ថម្ភដ៏ច្រើនសម្បើមនេះវិញ បើតាមចំណាត់ថ្នាក់មហាសេដ្ឋីរបស់វែបសាយ Bloomberg ចេញផ្សាយនាថ្ងៃសុក្រសប្តាហ៍នេះ គឺជាបុគ្គលមានស្តុកស្តំជាងគេបង្អស់លើលោក ជាមួយទ្រព្យសម្បត្តិសរុបតម្លៃប្រមាណ១០៨ពាន់លានដុល្លារ ខណៈលោក Bill Gates នៃក្រុមហ៊ុន Microsoft ឈរនៅលេខ ២៕