(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគីបានចេញសារក្រើករំលឹកមួយ ដល់ពលរដ្ឋរបស់ខ្លួនឱ្យលុបចោលការធ្វើដំណើរ ឬក៏មានការប្រុងប្រយ័ត្នខ្ពស់ បើសិនជាពួកគេធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសតួកគី ដកស្រង់ដោយសារព័ត៌មាន Al Jazeera នៅល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសតួកគីបានអះអាងថា ការចេញសេចក្ដីព្រមានបែបនេះ ដោយសារតែហានិភ័យនៃការវាយប្រហារភេរវកម្ម និងការចាប់ខ្លួនដោយគ្មានហេតុផល នៅក្នុងសហរដ្ឋអាមេរិក។ ក្រសួងការបរទេសតួកគី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «កាវាយប្រហារដោយការប្រើរថយន្ដបើកបំបុក ទៅលើហ្វូងមនុស្ស ការវាយប្រហារបំផ្ទុះគ្រាប់បែក និងកាំភ្លើង ទំនងជានៅតែនឹងបន្តកើតឡើងនៅតាមទីក្រុងសំខាន់ៗជាច្រើនរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំង នៅឯកន្លែងកម្សាន្ត ស្ថានីយ៍រថភ្លើងក្រោមដី អគាររដ្ឋ និងសាលារៀនជាដើម។
មិនតែប៉ុណ្ណោះ ប្រជាជនតួកគីក៏អាចនឹងប្រឈមមុខនឹងការចាប់ខ្លួនដោយគ្មានហេតុ ផល នៅពេលពួកគេធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកផងដែរ»។ ការព្រមានខាងលើកើតមានឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធបានប្រកាសពីការបញ្ចូលប្រទេសតួកគី ក្នុងបញ្ជីឈ្មោះនៃប្រទេសដែលមានហានិភ័យសន្តិសុខ ខ្ពស់រួមជាមួយស៊ូដង់ ប៉ាគីស្ថាន និងហ្កាតេម៉ាឡា៕