(សេអ៊ូល)៖ ប្រទេស កូរ៉េខាងត្បូង នាថ្ងៃសុក្រនេះ បានស្នើធ្វើកិច្ចពិភាក្សាជាមួយប្រទេស កូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតទាក់ទងនឹងការចូលរួមរបស់ជនជាតិកូរ៉េខាងជើង ក្នុងកីឡាអូឡាពិករដូវរងានៅទីក្រុង Pyeong Chang នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។

រដ្ឋាភិបាលក្រុងសេអ៊ូល មានបំណងចង់ធ្វើកិច្ចចរចានេះនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្នុងភូមិ Panmunjom ក្បែរបន្ទាត់ព្រំដែន នេះបើយោងតាមការលើកឡើងរបស់មន្ត្រីបង្រួបបង្រួមរបស់កូរ៉េខាងត្បូង។ បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់​អន្តរកូរ៉េ នាថ្ងៃអង្គារ៍នេះ ប្រទេស កូរ៉េខាងជើង បានព្រមព្រៀងក្នុងការបញ្ជូនគណប្រតិភូកម្រិតខ្ពស់ អត្តពលិក ក្រុមរាំលើកទឹកចិត្តកីឡាករ កីឡាករតៃក្វាន់ដូ និងក្រុមកីឡាករផ្សេងទៀតដើម្បីចូលរួមការប្រកួតកីឡានេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈខាងមុខ។

សូមជម្រាបថា កីឡាករកូរ៉េខាងជើង បានចូលរួមក្នុងការប្រកួតកីឡានេះ បន្ទាប់ពី មេដឹកនាំកំពូលរបស់រដ្ឋកុម្មុយនីស គីម ជុងអ៊ុន បានផ្តល់សំណើរដ៏កម្រដើម្បីសុំចងសម្ព័ន្ធមេត្រីជាមួយកូរ៉េខាងត្បូងក្នុងឱកាសថ្លែងសន្ទរកថាស្វាគមន៍ឆ្នាំថ្មី៕