(ម៉ូស្គូ)៖ រុស្ស៊ីអះអាងថា រាល់ការដាក់កំហិតលើការដឹកជញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ជំរុំជនភៀសខ្លួន Rukban ស្ថិតនៅក្នុងតំបន់ Al-Tanf ប្រទេសស៊ីរី ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអាមេរិក ត្រូវតែដកចេញជាបន្ទាន់។ ជំរុំជនភៀសខ្លួន Rukban ស្ថិតនៅចំងាយ ៥៥គីឡូម៉ែត្រ ពីបរិវេណតំបន់ Al-Tanf។ នេះបើតាមក្រសួងការបរទេស រុស្ស៊ីដកស្រង់ដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។
ក្រសួងការបរទេសរុស្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីជំហរយ៉ាងមុតមំា ពីភាពចាំបាច់នៃការគោរពដែនអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពរបស់ស៊ីរី តាមរយៈការអនុវត្តន៍ការប្រគល់ជំនួយមនុស្សធម៌ និងគោរពច្បាប់មនុស្សធម៌អន្តរជាតិ នៅក្នុងបរិបទដែលការបណ្ដុះបណ្ដាល កងកម្លាំងប្រដាប់អាវុធខុសច្បាប់ស៊ីរី ក្នុងតំបន់គ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅតែបន្តកើតមាន។
«យើងស្នើឱ្យមានការដកចេញជាបន្ទាន់ នូវរាល់ការដាក់កំហិតលើការដឹកជញ្ជូនជំនួយមនុស្សធម៌រួមមានម្ហូបអាហារ និងថ្នាំពេទ្យចូលទៅតំបន់ Al-Tanf ព្រមទាំងបង្កើនតម្លាភាព នៃការធ្វើសកម្មភាពមនុស្សធម៌»។ នេះជាការគូសបញ្ជាក់របស់ ក្រសួងការបរទេសរុស្ស៊ី ដោយបន្ថែមទៀតថា ប្រជាជនស៊ីរីប្រមាណជា ៦០,០០០នាក់ ក្នុងជំរុំជនភៀសខ្លួន Rukban កំពុងរស់នៅក្នុងក្រោមស្ថានភាពដ៏អាក្រក់ ទាំងខ្វះខាតស្បៀងអាហារ ទឹកស្អាតបរិភោគ និងថ្នាំពេទ្យ។
គួររំលឹកឡើងវិញថា កាលពីប៉ុន្មានសប្ដាហ៍មុន ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកត្រង់ៗថា បានប្រើប្រាស់តំបន់ Al-Tanf ជាកន្លែងបណ្ដុះបណ្ដាល កងកម្លាំងប្រដាប់អាវុធខុសច្បាប់ ក្នុងនោះរួមមានទាំងពួក ISIS តែទីក្រុងវ៉ាស៊ីនតោនបានបដិសេធ។ ជាងនេះទៅទៀត ក្រសួងការពារជាតិរុស្ស៊ីក៏បានអះអាងដែរថា ការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលស៊ីរី មានប្រភពដើមពីតំបន់មួយនេះ រីឯកងទ័ពអាមេរិក ក៏ធ្លាប់វាយប្រហារលើកងទ័ពស៊ីរី នៅខាងក្រៅតំបន់ដែលខ្លួនគ្រប់គ្រងមួយនេះផងដែរ ដោយសំអាងថា កងទ័ពស៊ីរីគំរាមកំហែងដល់យោធាអាមេរិក៕