(តូក្យូ)៖ មនុស្សជាង ៤០០នាក់ បានជាប់គាំងនៅលើរថភ្លើងមួយខ្សែក្នុងប្រទេសជប៉ុន អស់ជាង ១០ម៉ោង ខណៈដែលព្យុះព្រិលបានគ្របដណ្តប់ ទូទាំងបណ្តោយឆ្នេរភាគលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។
បន្ទាប់ពីជាប់គាំងតាំងពីយប់ម្សិលមិញមក ពោលគឺរយៈពេល ១៥ម៉ោងកន្លះ និងក្រោយពីត្រូវបានបង្ខំឲ្យឈប់ ដោយសារតែលក្ខខណ្ឌអាកាសធាតុយ៉ាប់យឺនខ្លាំងនោះ ទីបំផុតរថភ្លើងខាងលើ ក៏អាចចាប់ផ្តើមបន្តធ្វើដំណើរទៅមុខទៀតបាននាម៉ោង ១០៖៣០ទីព្រឹកថ្ងៃសុក្រនេះ (ពេលវេលានៅជប៉ុន)។
គួរជម្រាបថា ស្ថានភាពព្រិលធ្លាក់យ៉ាងខ្លាំងក្លាជាងធម្មតាដល់ទៅ ១០ដង បានបង្កការរំខានជាខ្លាំងដល់មធ្យោបាយដឹកជញ្ជូន នៅភាគខាងលិចក៏ដូចជាភាគខាងជើងប្រទេសជប៉ុន៕