(ម៉ូស្គូ)៖ ម្ចាស់ភាគហ៊ុនដ៏ធំមួយ នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គឺមហាសេដ្ឋី Warren Buffett បាននិយាយថា លោកនៅតែចូលចិត្តទូរស័ព្ទបត់ស៊េរីចាស់របស់ក្រុមហ៊ុន Samsung ជាងជា iPhone។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។
ពាណិជ្ជករអាមេរិកវ័យ ៨៧ឆ្នាំរូបនេះ ដែលត្រូវមនុស្សភាគច្រើនចាត់ទុកថា ជាវិនិយោគិនដ៏ជោគជ័យម្នាក់ នៅលើពិភពលោកនោះបានអះអាងថា រូបលោកពុំមានបំណងចង់ផ្លាស់ប្តូរទូរស័ព្ទដៃ Samsung បត់ស៊េរីចាស់របស់លោក ជាមួយស្មាតហ្វូនឡើយ។ ទោះបីជាលោក ស្ថិតក្នុងចំណោមម្ចាស់ភាគហ៊ុនកំពូលទាំង ៥ របស់ Apple ពោលគឺដល់ទៅ ២៣ពាន់លានដុល្លារ ក៏ដោយ លោក Buffett បានបង្ហើបឲ្យដឹងដូច្នេះថា លោកមិនបណ្តោយខ្លួនឲ្យឈ្លក់វង្វេងនឹងកាតថ្ងៃបុណ្យគ្រីស្មាក់របស់នាយកប្រតិបត្តិនៃ Apple គឺលោក Tim Cook ឡើយដែលជារៀងរាល់ឆ្នាំ លោក Cook តែងព្យាយាមបញ្ចុះបញ្ចូល លោក Buffet ឲ្យទិញ iPhone។
ទោះបីលោក Tim Cook មានការតាំងចិត្តខ្លាំង ដើម្បីធ្វើឲ្យរូបលោកក្លាយជាម្ចាស់ទូរស័ព្ទ iPhone ដ៏រីករាយម្នាក់យ៉ាងណាក្តី លោក Buffett បានបញ្ជាក់ថា វាទំនងជាពុំអាចទៅរួចឡើយ ដែលលោកនឹងងាកទៅប្រើប្រាស់ស្មាតហ្វូន ដោយសារតែរូបលោកមានភាពស្កប់ស្កល់មិនចង់ហ៊ឺហាអ្វីឡើយ ជាមួយនិងទូរស័ព្ទបត់ដ៏ចំណាស់របស់លោក។
គួរជម្រាបថា លោក Buffett ពុំមែនជាមនុស្សតែម្នាក់លើលោក ដែលមិនរងឥទ្ធិពលពីចំណង់ប្រើប្រាស់ iPhone ដោយកាលពីឆ្នាំ២០១៦ ទូរស័ព្ទបត់ស៊េរីចាស់ៗប្រមាណ ៥១០លានគ្រឿង បានធ្វើចរាចរណ៍ជុំវិញពិភពលោក ហើយតារាហូលីវូដល្បីៗ ក៏ត្រូវគេប្រទះឃើញនៅបន្តប្រើប្រាស់ទូរស័ព្ទប្រភេទនេះផងដែរ៕