(សេអ៊ូល)៖ កម្រិតប្រជាប្រិយភាពរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានហក់ឡើងភ្លែតនាសប្តាហ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាជាន់ខ្ពស់ជាមួយប្រទេសកូរ៉េខាងជើង បានកើតមានឡើងវិញក្រោយពេលជិត០២ឆ្នាំ ដែលវាគឺជាក្តីសង្ឃឹមក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងចំណងទាក់ទងអន្តរកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។
យោងតាមការស្ទង់មតិ Gallup Korea ដែលចេញផ្សាយនាថ្ងៃសុក្រនេះ កម្រិតគាំទ្រទៅលើលោក មូន បានកើនឡើងដល់ ៧៣ភាគរយ។ ការទទួលបានកម្រិតគាំទ្រខ្លាំងជាងមុនបែបនេះ សម្រាប់លោកប្រធានាធិបតីកូរ៉េខាងត្បូង បានកើតមានបន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង បានបើកកិច្ចពិភាក្សាជាន់ខ្ពស់ជាលើកដំបូង ក្នុងរយៈពេលប្រមាណ ០២ឆ្នាំកន្លងទៅ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយថែមទាំងបានព្រមព្រៀងគ្នា រៀបចំកិច្ចសន្ទនាដាច់ដោយឡែកមួយផ្សេងទៀត ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា នៅឧបទ្វីបកូរ៉េទៀតផង។
គួរជម្រាបថា នាឱកាសនោះ ក្រុមមន្រ្តីតំណាងកូរ៉េខាងជើង ក៏បានយល់ព្រមបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ រួមនឹងក្រុមអត្តពលិក ឲ្យមកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ដែលមានកូរ៉េខាងត្បូងជាម្ចាស់ផ្ទះ ចាប់ពីខែកុម្ភៈដល់ខែមីនាផងដែរ៕