(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនទៅចូលរួមពិធីសម្ពោធសា្ថនទូតអាមេរិកថ្មី ក្នុងទីក្រុងឡុងដ៍នោះទេ។ លោក ត្រាំ ថ្លែងបែបនេះទាំងពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ ស្របពេលមានសេចក្ដីរាយការណ៍ជាច្រើនថា បាតុកម្មតវ៉ាប្រឆាំងនឹងផ្ទុះឡើង បើលោកជាន់ដីអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅ Twitter លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា លោកលុបចោលដំណើរទស្សនកិច្ច ដោយសារតែលោកមិនពេញចិត្តនឹងទីតាំង ព្រមទាំងតម្លៃសាងសង់របស់ស្ថានទូតអាមេរិកថ្មីក្នុងទីក្រុងឡុងដ៍។ «ហេតុផលដែលខ្ញុំលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍ ដោយសារតែខ្ញុំមិនមែនជាហ្វែន (អ្នកគាំទ្រ) របស់រដ្ឋបាល អូបាម៉ា ដែលបានលក់ទីតាំងដ៏ល្អ និងស្ថានទូតដ៏ស្រស់ស្អាតក្នុងទីក្រុងឡុងដ៍ ក្នុងតម្លៃថោកបំផុតហើយបែរជាមកសាងសង់ស្ថានទូតថ្មី ត្រឹមតែតម្លៃ ១.២ពាន់លានដុល្លារ ទៅវិញ... ដូច្នេះសួរមើលថា តើចង់ឱ្យខ្ញុំទៅកាត់ខ្សែបូមែនទេ? No!»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមករា នាយរដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងថា ដំណើរទស្សនកិច្ចនឹងធ្វើឡើងតាមការគ្រោងទុក ហើយលោក ត្រាំ នឹងបំពេញដំណើរទស្សនកិច្ចមកកាន់អង់គ្លេស នៅខែកុម្ភៈខាងមុខនេះ៕