(សេអ៊ូល)៖ កូរ៉េខាងជើងបានធ្វើសកម្មភាពដ៏ចម្លែកមួយ តាមរយៈការជីកផ្លូវក្រោមដី នៅប៉ែកខាងលិចនៃទីតាំងធ្វើតេស្ដនុយក្លេអ៊ែររបស់ខ្លួន ដែលនេះអាចបញ្ជាក់បានថា ទីក្រុងព្យុងយ៉ាងទំនងជាកំពុងត្រៀម បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរសាជាថ្មី។ នេះបើតាមគេហទំព័រអាមេរិក 38 North ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។
គេហ័ទំព័រ 38 North ផ្អែកលើរូបថតជាច្រើនសន្លឹក ថតដោយផ្កាយរណបលើទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri បានឱ្យដឹងថា កូរ៉េខាងជើងបានធ្វើសកម្មភាពគួរឱ្យកត់សម្គាល់ នៅជុំវិញប៉ែកខាងលិច នៃទីតាំងធ្វើតេស្ដនុយក្លេអ៊ែររបស់ខ្លួន កាលពីខែធ្នូកន្លងទៅ។ គេហ័ទំព័រអាមេរិកមួយនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងធ្វើតេស្ដនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងបានដឹកនាំការសាកល្បង បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរទាំង ០៥លើក នៅតែមានភាពស្ងប់ស្ងាត់ដដែល ប៉ុន្តែសកម្មភាពជីកផ្លូវរូងក្រោមដី បែរជាកើនឡើងទៅវិញ នៅប៉ែកខាងលិច... ហើយនេះហាក់ដូចជាបង្ហាញពីភាពអាចទៅរួច នៃការធ្វើតេស្ដអាវុធនុយក្លេអ៊ែរសាជាថ្មី»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ 38 North កាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅ មនុស្សរហូតដល់ទៅ ១២០នាក់ ក៏មានសកម្មភាពនៅតាមតំបន់ចំនួន ០៧ ផ្សេងៗពីគ្នានៃតំបន់គាំទ្រផ្នែកខាងត្បូង (Southern Support Area) នៃទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri ផងដែរ តែមូលហេតុនៃសកម្មភាពនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ កូរ៉េខាងជើងបានធ្វើតេស្ដ បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរលើកទី០៦ កាលពីខែកញ្ញា ឆ្នាំ២០១៧៕