(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមអ្នកជួយសង្រ្គោះអាមេរិករាប់រយនាក់ កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សជាច្រើននាក់ ដែលកំពុងបាត់ខ្លួននៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីមានគ្រោះរអិលបាក់ដី នាំមកជាមួយនូវល្បាប់ភក់យ៉ាងសន្ធប់ បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងបានសម្លាប់ជីវិតមនុស្សកើនដល់១៧នាក់ហើយ៕
២៖ មុនពេលដែលអង្គការ NASA បញ្ជូនយានអវកាស Juno ទៅឲ្យសិក្សាស្រាវជ្រាវនៅភពព្រហស្បតិ៍ (Jupiter) អ្នកវិទ្យាសាស្រ្ត មានការយល់ខុសទាំងស្រុង អំពីរឿងភាគច្រើន ដែលពួកគេគិតថា បានដឹងបានយល់ពីភពនេះ៕
៣៖ ក្រសួងការបរទេសអាមេរិក បានសម្ដែងសោកស្ដាយ និងការខកចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តរបស់តុលាការមីយ៉ាន់ម៉ា ក្នុងការអនុញ្ញាតឱ្យមាន ការចោទប្រកាន់លើអ្នកសារព័ត៌មាន Reuters ពីរនាក់ អនុឡោមតាមច្បាប់រក្សាការសំងាត់ជាតិ៕
៤៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនអាមេរិកមានសិទ្ធិបោះឆ្នោតភាគច្រើន យល់ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងរួចផុតពីការចោទប្រកាន់ក្នុងសំណុំរឿងស៊ើបអង្កេត របស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូលើ (Robert Mueller) ជុំវិញរឿងអាស្រូវនៃទំនាក់ទំនងសម្ងាត់ រវាងក្រុមយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោកជាមួយក្រុមមន្ត្រីរុស្ស៊ី កាលពីអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦៕
៥៖ ចិនបានប្រកាសជួយឧបត្ថម្ភថវិកាទាំងស្រុង ដល់អាហ្វហ្គានីស្ថានទៅលើការសាងសង់ ក៏ដូចជាការបំពាក់បរិក្ខាផ្សេងៗ នៃមូលដ្ឋានទ័ពថ្មីមួយកន្លែងស្ថិតនៅ ភាគខាងជើងប្រទេស ប៉ុន្តែការឈរជើងកម្លាំងទ័ពវិញនោះ គឺជាបន្ទុករបស់ទីក្រុងកាប៊ុល៕
៦៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ដោយអះអាងថាវាគឺមូលហេតុនៃភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ៕