(ស៊ីដនី)៖ ការសិក្សាស្រាវជ្រាវមួយ ដែលដឹកនាំដោយសាកលវិទ្យាល័យអូស្រ្តាលី Tasmania បានបំបែកអាថ៌កំបាំង នៃព្រឹត្តិការណ៍បន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រ ដ៏ធំជាងគេបង្អស់ នាថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបានកំណត់ទីតាំងភូមិសាស្រ្តដោយជោគជ័យ នៅតំបន់ដ៏ដាច់ឆ្ងាយមួយកន្លែង តាមរយៈការប្រើប្រាស់យានមុជទឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។
ភ្នំភ្លើង Havre ដែលស្ថិតនៅចម្ងាយ ១,០០០គីឡូម៉ែត្រ ពីកោះ North Island នៃប្រទេសនូវែលសេឡង់ ត្រូវបានគេរកឃើញជាលើកដំបូងនាឆ្នាំ២០០២ ហើយកាលពីឆ្នាំ២០១២ វាបានទាក់ទាញចំណាប់អារម្មណ៍អ្នកវិទ្យាសាស្រ្តទាំងឡាយ នៅពេលដែលភស្តុតាងនៃសកម្មភាពបន្ទុះភ្នំភ្លើង ត្រូវគេប្រទះឃើញដោយផ្កាយរណប នៅលើទីតាំងទំហំជាង ៤០០គីឡូម៉ែត្រក្រឡា។
បន្ទាប់មក ក្រុមអ្នកស្រាវជ្រាវព្រមជាមួយកិច្ចសហការពីអន្តរជាតិ បានបញ្ជូនយានមុជទឹកចំនួន ០២គ្រឿង ទៅកាន់តំបន់ខាងលើ។ បើតាមប្រធានគ្រប់គ្រងកម្មវិធីសិក្សានេះ វាគឺជាបន្ទុះភ្នំភ្លើងទ្រង់ទ្រាយធំ ដែលប្រហាក់ប្រហែលនឹងហេតុការណ៍បន្ទុះភ្លំភ្លើង ដែលយើងធ្លាប់បានជួបប្រទះនៅលើដីគោក កាលពីសតវត្សរ៍ទី ២០ ឯណោះ។
គួរជម្រាបថា ភ្នំភ្លើងទាំងអស់ដែលស្ថិតនៅលើពិភពលោកយើងនេះ មានជាង ៨០ភាគរយ ស្ថិតនៅក្រោមបាតសមុទ្រ ហើយមកទល់នឹងបច្ចុប្បន្ន គេពុំសូវឃើញមានសកម្មភាពផ្ទុះភ្នំភ្លើងនៅបាតសមុទ្រនោះទេ ប៉ុន្តែសកម្មភាពជះកម្អែលក្នុងបាតសមុទ្រគឺនៅតែមានជានិច្ចនៅតាមតំបន់មួយចំនួន៕