(ក្រិក)៖ អាជ្ញាធរក្រិកបានធ្វើការរឹបអូស នាវាដឹកទំនិញមួយគ្រឿង មានដោតទង់ជាតិតង់ហ្សានី ដែលធ្វើដំណើរឆ្ពោះទៅប្រទេសលីប៊ី និងដឹកជញ្ជូនវត្ថុធាតុដើមផ្សេងៗ ប្រើដើម្បីបង្កើតគ្រឿងផ្ទុះ ហើយវាទំនងជាបានទទួលផ្ទុករបស់ទាំងនោះ ពីកំពង់ផែ Mersin និង İskenderun នៃប្រទេសតួកគី។ នេះបើតាមការឲ្យដឹងពី កងល្បាតដែនសមុទ្រក្រិក ដកស្រង់ដោយវែបសាយ Stockholmcf.com នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍មួយពីទីភ្នាក់ងារព័ត៌មាន Reuter បានឱ្យដឹងថា នាវានេះត្រូវបានគេប្រទះឃើញ នៅក្បែរកោះ Crete របស់ក្រិកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ អាជ្ញាធរក្រិក បានរកឃើញកុងតឺន័រចំនួន២៩ ដែលផ្ទុកនូវវត្ថុធាតុដើមរួមមាន សារធាតុអាម៉ូនីយូនីត្រាត (Ammonium Nitrate), គ្រាប់រំសេវ, និងធុងប្រេងទទេចំនួន ១១ធុង។
លោកឧត្តមនាវីទោ Ioannis Argiriou បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «សម្ភារៈទាំងនោះ គឺត្រូវគេដឹកឆ្ពោះទៅកាន់ប្រទេសលីប៊ី» ។ លោកឧត្តមនាវីទោ បានបន្ថែមទៀតថា «វត្ថុធាតុទាំងនេះ អាចប្រើសម្រាប់ការងារគ្រប់ប្រភេទ រួមមានតាំងពី កន្លែងឃួងយកថ្មរហូតដល់ការផលិតគ្រាប់បែក និងសកម្មភាពភេរវកម្មផ្សេងៗ»។
សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ បានដាក់បំរាមលើការលក់ ការផ្គត់ផ្គង់ ឬការផ្ទេរអាវុធនានា ទៅឱ្យលីប៊ីចាប់តាំងពីឆ្នាំ ២០១១មក។ បើតាមវិក័យប័ត្ររបស់នាវានេះ ទំនិញទាំងប៉ុន្មាន ត្រូវបានដឹកជញ្ជូនឡើងលើ កប៉ាលនៅក្នុងកំពង់ផែ Mersin និង İskenderum នៃតួកគី មានគោលដៅឆ្ពោះទៅប្រទេសឌីជីប៊ូទី (Djibouti) និងអូម៉ង់ (Oman) ប៉ុន្តែការស៊ើបអង្កេតបឋមរបស់អាជ្ញាធរក្រិក បានបង្ហាញថា ម្ចាស់របស់នាវានេះ បានបង្គាប់ឲ្យធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Misrata របស់លីប៊ី ហើយធ្លាក់ឥវ៉ាន់ទាំងអស់ចុះនៅទីនោះ។
គួរជម្រាបថា ក៏មានករណីផ្សេងៗទៀតជាច្រើន ដែលប្រទេសតួកគី បានលូកដៃចូលដូចជា នៅខែមករាឆ្នាំ ២០១៤ រថយន្ដមួយចំនួនដែលត្រូវបានរកឃើញថាជាកម្មសិទ្ធិរបស់ភ្នាក់ងារចារកម្មជាតិ ត្រូវបានបញ្ឈប់ដោយឧត្តមសេនីយ៍តួកគី នៅក្នុងឧប្បដិហេតុដាច់ដោយឡែកពីគ្នាចំនួនពីរលើកទៀត នៅក្នុងខេត្តហាតៃ និងអាដាណា ស្ថិតនៅ ភាគខាងត្បូងនៃប្រទេស បន្ទាប់ពីរដ្ឋអាជ្ញាតួកគី ទទួលបានព័ត៌មានថាពួកគេកំពុងដឹកអាវុធទៅប្រទេសស៊ីរី។
ដោយឡែក បើតាមរបាយការណ៍មួយ របស់សារព័ត៌មាន Cumhuriyet កាលពីខែឧសភាឆ្នាំ ២០១៥ រថយន្តទាំងនោះ ត្រូវបានចោទប្រកាន់ថាជាកម្មសិទ្ធិរបស់ភ្នាក់ងារចារកម្មជាតិ (MIT) និងត្រូវគេរកឃើញថាមានផ្ទុកអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសស៊ីរី នៅពេលត្រូវឃាត់ទុក និងរុករកនៅភាគខាងត្បូងប្រទេសតួកគី នៅដើមឆ្នាំ២០១៤៕