(អាមេរិក)៖ មុនពេលដែលអង្គការ NASA បញ្ជូនយានអវកាស Juno ទៅឲ្យសិក្សាស្រាវជ្រាវនៅភពព្រហស្បតិ៍ (Jupiter) អ្នកវិទ្យាសាស្រ្ត មានការយល់ខុសទាំងស្រុង អំពីរឿងភាគច្រើន ដែលពួកគេគិតថា បានដឹងបានយល់ពីភពនេះ។ នេះបើតាមលោក Scott Bolton ប្រធានស្រាវជ្រាវគម្រោងនៃបេសកកម្ម Juno ដកស្រង់សម្តីដោយ វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។
Juno ដែលចាប់ផ្តើមបេសកកម្មកាលពីឆ្នាំ២០១១ និងសព្វថ្ងៃកំពុងហោះក្រឡឹងជុំវិញ Jupiter នោះពុំមែនជាយានអវកាសដំបូងគេ ដែលបានសិក្សានៅកៀកនឹងភពឧស្ម័នយក្សនេះឡើយ។ យានអវកាស Poineer និង Voyager របស់ NASA ក៏ធ្លាប់បានហោះឆ្វែល Jupiter ផងដែរកាលពីទសវត្សរ៍ឆ្នាំ ៧០ ហើយក្រោយមកទៀតយាន Galileo ថែមទាំងបានចំណាយពេល ០៨ឆ្នាំ នៅជុំវិញវាទៀតផង។ សូម្បីតែនៅមុនពេលនៃការបញ្ជូនយានទាំងនេះ មនុស្សយើងបានចំណាយពេលរាប់រយឆ្នាំ សិក្សាទៅលើភពព្រហស្បតិ៍តាមតេឡេស្កូប។
លុះដល់ពេលដែល Juno ត្រូវគេបាញ់បញ្ជូនឡើងទៅកាន់ទីនោះ តារាវិទូមានគំនិតយ៉ាងច្បាស់រួចទៅហើយថា តើពួកគេត្រូវរំពឹងបែបណាពីរូបភាពព្រមទាំងទិន្នន័យថ្មីៗ ដែលយានអវកាសនេះ នឹងប្រមែប្រមូលយកពី Jupiter។ ដោយឡែក នាខណៈពេលនេះ លោក Bolton បានសារភាពថា «ការយល់ឃើញរបស់យើងកាលពីពេលនោះ គឺខុសស្រឡះតែម្តង មិនថាអំពីរចនាសម្ព័ន្ធខាងក្នុង ឬក៏បរិយាកាស និងសូម្បីតែស្រទាប់ដែនម៉ាញេទិចរបស់វា»។
អ្នកវិទ្យាសាស្រ្តមានការជឿជាក់ថា ភពព្រហស្បតិ៍ មានស្នូលដែនតូចហើយហាប់មួយ ឬក៏ពុំមានស្នូលតែម្តង។ ផ្ទុយទៅវិញ ទិន្នន័យរបស់យានអវកាស Juno បានលាតត្រដាងឲ្យដឹងថា Jupiter មានស្នូលដ៏ធំមហិមាមួយ ដែលផ្នែកខ្លះអាចបានរលាយបាត់បង់ទៅ។
នៅក្នុងអំឡុងការហោះកៀកជាលើកដំបូងរបស់វាជាមួយ Jupiter យានអវកាស Juno បានគាស់រំលើងឲ្យឃើញពីកញ្ចុំព្យុះយ៉ាងចម្លែក ធ្វើកួចខ្មួលខ្មាញ់នៅតាមប៉ូលខាងជើង និងខាងត្បូងនៃភពព្រហស្បតិ៍។ Juno គឺជាយានបេសកកម្មអវកាសដំបូងបង្អស់ ដែលបានសំឡឹមមើលយ៉ាងជិតទៅលើតំបន់ប៉ូលទាំងនោះ ហើយក្រុមការងារនៃបេសកកម្ម មិនបានរំពឹងថា ពួកវានឹងមានរូបរាងចម្លែក និងរញ៉េរញ៉ៃបែបនេះឡើយ។
ក្រៅពីនេះការវាស់កម្រិតកម្លាំងនៃដែនម៉ាញេទិចរបស់ Jupiter ក៏បានបង្ហាញលទ្ធផលភ្ញាក់ផ្អើលបន្ថែមទៀតផងដែរ។ អ្នកវិទ្យាសាស្រ្តបានដឹងថា ភពព្រហស្បតិ៍បានកម្លាំងដែនម៉ាញេទិចខ្លាំងជាងគេបង្អស់ ក្នុងចំណោមភពនៃប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែ Juno បានរកឃើញថា ដែនម៉ាញេទិចនោះតាមពិតទៅមានឥទ្ធិពលខ្លាំងជាងអ្វីដែលយើងធ្លាប់គិតទ្វេដង។
គួរជម្រាបថា ស្របពេលដែល Juno កំពុងបន្តបេសកកម្មរបស់ខ្លួន ក្នុងការស្រាវជ្រាវទៅលើ Jupiter និងព្រះច័ន្ទរបស់វា ក្រុមអ្នកវិទ្យាសាស្រ្តនឹងតាមស្វែងរកក៏ដូចជាជួបប្រទះការពន្យល់បកស្រាយថ្មីៗថែមទៀត សម្រាប់រឿងថ្មីៗ ដែលពួកគេធ្លាប់បានដឹងអំពី Jupiter៕