(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រទេសន័រវែសបង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ០២ភាគរយនៃ GDP សម្រាប់ការចំណាយក្នុង វិស័យការពារជាតិ ដែលលោកផ្ទាល់តែងតែអំពាវនាវជារឿយៗ ឱ្យសម្ព័ន្ធមិត្តអាមេរិកក្នុងអង្គការណាតូធ្វើដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។
«ខ្ញុំជំរុញឱ្យន័រវែស គោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើនកញ្ចប់ថវិកាយោធាឲ្យដល់ ០២ភាគរយនៃGDP លើកាតព្វកិច្ចចំណាយក្នុងវិស័យការពារជាតិ... បើយើងធ្វើវាទំាងអស់គ្នា នោះយើងនឹងអាចប្រឈមមុខនឹងគ្រប់ការគំរាមកំហែងទាំងអស់ មកលើប្រជាជាតិយើងទាំងអស់គ្នា។ ដូច្នេះខ្ញុំសង្ឃឹមថាន័រវែស នឹងសម្រេចគោលដៅនេះក្នុងពេលឆាប់ៗ»។ នេះគឺជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ នាឱកាសធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅឯសេតវិមាន ជាមួយនាយករដ្ឋមន្ត្រីន័រវែស លោកស្រី អឺណា សូលប៊ឺហ្គ (Erna Solberg)។
ប៉ុន្តែជាការឆ្លើយតបវិញ លោកស្រី Erna Solberg បានបញ្ជាក់ថា ប្រទេសន័រវែសបានក្លាយជាប្រទេសឈរលេខរៀងទី ២ រួចទៅហើយក្នុងអង្គការណាតូ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងការចំណាយលើវិស័យការពារជាតិ។
គួររំលឹកថា គិតចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងលើសមាជិកមួយចំនួនរបស់អង្គការណាតូ ដែលមិនបាន បង្កើនកញ្ចប់ថវិកាយោធា ០២ភាគរយនៃ GDP ប្រទេសរបស់ពួកគេ។ មិនតែប៉ុណ្ណោះ នៅអំឡុងបំពេញដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប កាលពីខែឧសភា ឆ្នាំ២០១៧ លោកក៏បាននិយាយចំៗដែរថា សមាជិកណាតូជាច្រើនបានជំពាក់លុយអង្គការណាតូ ហើយថាបើសិនចង់បានកិច្ចការពារពីសហរដ្ឋអាមេរិកបន្ត នោះពួកគេត្រូវជួយចេញថ្លៃចំណាយ៕