(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ដោយអះអាងថា វាគឺមូលហេតុនៃភាព តានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។
ការអំពាវនាវបែបនេះរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីកូរ៉េទាំងពីរ បានព្រមព្រៀងកាលពីថ្ងៃអង្គារ ថានឹងបញ្ជូនអត្តពលិកកូរ៉េខាងជើង ឱ្យទៅចូលរួមកីឡាអូឡាំពិក រដូវរងារនៅកូរ៉េខាងត្បូង ក៏ដូចជារៀបចំកិច្ចសន្ទនាយោធា ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ដោយឡែក ថ្លែងនៅក្នុងបទវិចារណកថារបស់ខ្លួន កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាកូរ៉េខាងត្បូង ពិតជាចង់បានសន្តិភាព និងបន្ធូរបន្ថយភាពតានតឹងពិតប្រាកដមែន ដំបូងពួកគេត្រូវតែបញ្ឈប់រាល់ ការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ដែលជាសកម្មភាពប្រឆាំងនឹងបងប្អូនខាងជើងរបស់ខ្លួនឯងជាមុនសិន។
សមយុទ្ធយោធា គឺជាប្រភពដើមនៃភាពតាននឹង និងនាំឱ្យឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងរណ្ដៅគ្រោះថ្នាក់ ហើយមិនតែប៉ុណ្ណោះ កូរ៉េទាំងពីរនឹងមិនអាចជឿទុកចិត្តគ្នា ឬក៏ឆ្ពោះទៅរកការផ្សះផ្សាបានឡើយ ក្រោមស្ថានភាពតានតឹងផ្នែកយោធាដូចបច្ចុប្បន្ន»។
គួរបញ្ជាក់ថា កាលពីដើមខែមករា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឯកភាពផ្អាកការធ្វើសមយុទ្ធយោធារួមគ្នា រហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិក ក្នុងទីក្រុង Pyeong Chang បិទបញ្ចប់។ កីឡាអូឡាំពិកនឹងប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ រីឯកីឡាប៉ារ៉ាអូឡាំពិកពីថ្ងៃទី០៩ ដល់ថ្ងៃទី១៨ ខែមីនា៕