(កាប៊ុល)៖ ចិនបានប្រកាសជួយឧបត្ថម្ភថវិកាទាំងស្រុង ដល់អាហ្វហ្គានីស្ថានទៅលើការសាងសង់ ក៏ដូចជាការបំពាក់បរិក្ខាផ្សេងៗ នៃមូលដ្ឋានទ័ពថ្មីមួយកន្លែង ស្ថិតនៅភាគខាងជើងប្រទេស ប៉ុន្តែការឈរជើងកម្លាំងទ័ពវិញនោះ គឺជាបន្ទុករបស់ទីក្រុងកាប៊ុល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។
លោក ដរឡាត វ៉ាហ្ស៊ឺរី (Dawlat Waziri) អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានឲ្យដឹងថា រដ្ឋាភិបាលប៉េកាំងកំពុងផ្តល់ថវិកា ឧបត្ថម្ភដល់ការសាងសង់បន្ទាយយោធាមួយកន្លែងក្នុងខេត្ត បាដាកសាន (Badakhshan) ភាគឦសាន ដែលនៅជាប់ព្រំដែនប្រវែង ៧៥គីឡូម៉ែត្រ ជាមួយប្រទេសចិន។ លោក Waziri នឹងទទួលបន្ទុកលើការចំណាយទាំងអស់ សម្រាប់សម្ភារៈ និងសេវាបច្ចេកទេសផ្សេងៗ រួមមានសព្វាវុធ ឯកសណ្ឋាន បរិក្ខាយោធា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រួមនិងអ្វីៗជផ្សេងៗទៀត។
ការសម្រេចស្តីពីការសាងសង់មូលដ្ឋានទ័ពនេះ ត្រូវបានធ្វើឡើងនៅអំឡុងជំនួបពិភាក្សារវាង ប្រមុខការពារជាតិអាហ្វហ្គានីស្ថាន លោក តារីក ហ្សាហ៍ បាហ៍រ៉ាមី (Tariq Shah Bahrami) និងសមភាគីចិន លោក ចាង វ៉ាន់ក្វាន់ (Chang Wanquan) កាលពីខែធ្នូកន្លងទៅ។
យ៉ាងណាមិញ ទង្វើខាងលើពុំមែនកើតចេញពីសន្តានចិត្ត ដ៏ល្អរបស់ចិនទាំងស្រុងនោះឡើយ។ បច្ចុប្បន្នខេត្ត បាដាក់សាន (Badakhshan) កាន់តែប្រែក្លាយទៅជាទីជម្រកនៃក្រុមសកម្មប្រយុទ្ធ អ៊ុយហ្គ័រ (Uighur) ដែលបានប្រើប្រាស់ច្រកផ្លូវ វ៉ាកហ្ស៊ឺ (Wakhjir) ដែលជាច្រកផ្លូវឆ្លងកាត់តែមួយគត់ រវាងអាហ្វហ្គានីស្ថាន និងចិន ចល័តទៅមករវាងខេត្ត Badakhshan និងខេត្ត ស៊ីជាំង (Xinjiang) របស់ចិន។
បើតាមប្រភពពីមន្រ្តីយោធាអាហ្វហ្គានីស្ថាន ចិនមានក្តីកង្វល់ថា ក្រុមជនជាតិភាគតិចចិន Uighur ដែលស្ថិតក្នុងចំណោមពួកភេរវករនោះ អាចឆ្លងចូលក្នុងទឹកដីចិន តាមប្រទេសអាហ្វហ្គានីស្ថាន ហើយបង្កការឈឺក្បាលដល់អាជ្ញាធរចិន៕