(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនអាមេរិកមានសិទ្ធិបោះឆ្នោតភាគច្រើន យល់ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងរួចផុតពីការចោទប្រកាន់ក្នុងសំណុំរឿងស៊ើបអង្កេត របស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូលើ (Robert Mueller) ជុំវិញរឿងអាស្រូវនៃទំនាក់ទំនងសម្ងាត់ រវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ជាមួយក្រុមមន្ត្រីរុស្ស៊ី កាលពីអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។
យោងតាមការស្ទង់មតិធ្វើឡើងពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែមករា ដោយសារព័ត៌មាន Politico និងក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Morning Consult ចេញផ្សាយកាលពីថ្ងៃពុធ ប្រជាជនអាមេរិកមានសិទ្ធិបោះឆ្នោត ៤៨ភាគរយ គិតថាលោក ដូណាល់ ត្រាំ នឹងរួចផុតពីការចោទប្រកាន់ ក្នុងសំណុំររឿងស៊ើបអង្កេត របស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូលើ ខណៈ៣៧ភាគរយ ជំទាស់នឹងការយល់ឃើញបែបនេះ។ វាមានន័យថា ប្រជាពលរដ្ឋអាមេរិកភាគច្រើន មិនជឿថាមេដឹកនាំរបស់ពួកគេ ជាប់ពាក់ព័ន្ធនឹងការរួមគំនិតជាមួយបរទេស ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតី កាលពីចុងឆ្នាំ២០១៦ នោះឡើយ។
គួរបញ្ជាក់ថា ការចេញផ្សាយលទ្ធផលស្ទង់មតិខាងលើ គឺធ្វើឡើងក្រោយពីមានការសាកសួរមនុស្ស ១,៩៨៨នាក់ និងចំពេលដែលការស៊ើបអង្កេតរបស់ លោក រ៉ូប៊ឺត មូលើ កាន់ ខិតជិតដល់មនុស្សជំនិតរបស់ លោក ត្រាំ មានដូចជា លោកស្រី Hope Hicks, លោក Reince Priebus និងលោក Sean Spicer ដែលសុទ្ធសឹងជាមន្ត្រី និងអតីតមន្ត្រីជាន់ខ្ពស់សេតវិមាន៕