(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូនផែនការសម្រាប់កម្មវិធីនុយក្លេអ៊ែរជាតិ ទៅកាន់គណៈកម្មាធិការការពារជាតិ ហើយ ដោយនាពេលឆាប់ៗខាងមុខ លោកនឹងដកការដាក់កំហិតចេញពីការផលិតអាវុធនុយក្លេអ៊ែរ ដែលរួមមានទាំងការបើកផ្លូវឲ្យអភិវឌ្ឍន៍ ក្បាលគ្រាប់នុយក្លេអ៊ែរ ដ៏ចម្រូងចម្រាសថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។
ផែនការត្រួតពិនិត្យតួនាទី នៃអាវុធនុយក្លេអ៊ែរអាមេរិកហៅកាត់ថា NPR ដែលជាការសម្រេចរបស់សេតវិមាន ធ្វើឡើងជារៀងរាល់ ០៨ឆ្នាំ ម្តងខាងលើនេះ ត្រូវគេបានរាយការណ៍ថា នឹងរួមមានទាំងគម្រោងសំដៅ លុបការដាក់កំហិតផ្សេងៗលើក្រសួងថាមពល ដើម្បីអនុញ្ញាតឡើងវិញ ឲ្យមានការកែច្នៃមីស៊ីលផ្លោង ប្រភេទបាញ់ចេញពីនាវាមុជទឹក (SLBM) Trident D5 ដើម្បីបង្កើនសក្តានុពល នៃវិស័យការពារជាតិអាមេរិក។
ជុំវិញរឿងនេះ អ្នកជំនាញបានយល់ឃើញថា វាគឺជាការផ្ញើសារមួយយ៉ាងជាក់ច្បាស់ ទៅកាន់ប្រទេសរុស្ស៊ី និងកូរ៉េខាងជើងជាដើម ថាការព្យាយាមណាមួយ ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ នឹងជះផលវិបាកធ្ងន់ធ្ងរបំផុតទៅរកពួកគេវិញ។ សម្រាប់រដ្ឋបាល លោក ដូណាល់ ត្រាំ គឺកំពុងបង្ហាញឲ្យគ្រប់គ្នាមើលឃើញថា លោកពិតជាយកផលប្រយោជន៍អាមេរិកជាគោល ក្នុងនោះការផលិតសព្វាវុធ លក់សព្វាវុធ និងអភិវឌ្ឍន៍សព្វាវុធ គឺជាគោលដៅចម្បងធំមួយក្នុងការរកចំណូលជូនជាតិផង និងការពារខ្លួនពីសត្រូវផង៕