លោក ដូណាល់ ត្រាំ៖ «វាទំនងជាពុំអាចទៅរួចទេថា ខ្ញុំនឹងទទួលយកការស៊ើបសួរ ពីសំណាក់រដ្ឋអាជ្ញាពិសេសនោះ...»
11-01-2018 09:49
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាប្រយោលថា វាទំនងជាពុំអាចទៅរួចនោះឡើយដែលថា លោកនឹងទទួលយល់ព្រមចំពោះការសុំធ្វើការស៊ើបសួរពីសំណាក់រដ្ឋអាជ្ញាពិសេសលោក រ៉ូប៊ឺត មូលើ (Robert Mueller) ជុំវិញរឿងអាស្រូវផ្សំគំនិតគ្នារវាងក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ជាមួយនិងរដ្ឋាភិបាលរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះត្រូវបានធ្វើឡើង ក្នុងឱកាសនៃការធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ រវាងលោកប្រធានាធិបតីអាមេរិក ហើយនិងនាយករដ្ឋមន្រ្តីន័រវែស លោកស្រី Erna Solberg នៅឯសេតវិមាន។ ម៉្យាងវិញទៀត លោក ដូណាល់ ត្រាំ ថែមទាំងបានរិះគន់ផងដែរទៅលើការចោទប្រកាន់ដែលថា ក្រុមយុទ្ធនាការរបស់លោក បានរួមគំនិតគ្នាជាមួយនឹងរុស្ស៊ី ដោយថាវាបានប៉ះពាល់ជាខ្លាំងដល់មុខមាត់ នៃអាណត្តិដឹករបស់លោក។
គួរជម្រាបថា នៅប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានអាមេរិកជាច្រើនបានចុះផ្សាយថា លោក Mueller ទំនងជាអាចសុំធ្វើការស៊ើបសួរ ឬសម្ភាសន៍ លោក ដូណាល់ ត្រាំ នៅប៉ុន្មានសប្តាហ៍ខាងមុខ ស្របពេលដែល លោក Robert Mueller កំពុងបន្តការស៊ើបអង្កេតទៅលើរឿងអាស្រូវនៃការចូលលូកដៃរបស់រុស្ស៊ី នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕