(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានសម្ដែងសោកស្ដាយ និងការខកចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តរបស់តុលាការមីយ៉ាន់ម៉ា ក្នុងការអនុញ្ញាតឱ្យមាន ការចោទប្រកាន់លើអ្នកសារព័ត៌មាន Reuters ពីរនាក់ អនុឡោមតាមច្បាប់រក្សាការសំងាត់ជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយកាលពីថ្ងៃពុធ ស្ដីពីការសំណុំរឿងអ្នកសារព័ត៌មាន Reuters ទាំងពីរនាក់គឺ លោក វ៉ា ឡូណេ (Wa Lone) និងលោក ក្យរ សឿ អូ (Kyaw Soe Oo) ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សេរីភាពសារព័ត៌មាន គឺមានសារៈសំខាន់បំផុតសម្រាប់នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែល តម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ មានលទ្ធភាពបំពេញការងាររបស់ពួកគេ... ហើយសហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរដដែល ដោយអំពាវនាវឱ្យអាជ្ញាធរមីយ៉ាន់ម៉ា ដោះលែងអ្នកសារព័ត៌មានទាំងពីរជាបន្ទាន់ដោយគ្មានលក្ខខ័ណ្ឌ»។
គួររំលឹកថា លោក Wa Lone និងលោក Kyaw Soe Oo ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនកាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយចោទថា ពួកគេកាន់កាប់ផែនទីយោធាមីយ៉ាន់ម៉ាដោយខុសច្បាប់។ អ្នកសារព័ត៌មានទាំងពីរនាក់នេះ បម្រើការងារឱ្យទីភ្នាក់ងារសារព័ត៌មាន Reuters ពាក់ព័ន្ធនឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine ហើយបើសិនជាគេរកឃើញកំហុសមែន នោះពួកគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារ ១៤ឆ្នាំ៕