(សេអ៊ូល)៖ ស្របពេលស្ថានការណ៍ នៅលើឧបទ្វីបកូរ៉េធូរស្រាលឡើងវិញ កូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា ហាក់ដូចជាកំពុងលេងល្បែងជើងមួយជាន់ទូកពីរ ដោយម្ខាងចង់ត្រូវរ៉ូវគ្នាជាមួយកូរ៉េខាងជើង រីម្ខាងទៀតចង់រក្សាសម្ព័ន្ធភាពដ៏រឹងមាំ នឹងសហរដ្ឋអាមេរិក។ ជាក់ស្ដែងនៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានអះអាងថា ទីក្រុងសេអ៊ូលនឹងរក្សាសម្ព័ន្ធភាព ជាមួយទីក្រុងវ៉ាស៊ីនតោន បើទោះជាទើបតែបានជួបចរចានឹងទីក្រុងព្យុងយ៉ាងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo ថ្លែងបែបនេះនៅក្នុងជំនួបជាមួយលេខាធិការកងទ័ពអាមេរិក លោក Mark T. Esper ដែលជាជំនួបលើកដំបូងចាប់តាំង លោក Esper ឡើងកាន់តំណែងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ ដោយឡែក បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង អ្នកទាំងពីរបានពិភាក្សាលើការរៀបចំ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវងារក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ព្រមទាំងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងកូរ៉េខាងជើង និងការធ្វើបង្កើនសមត្ថភាព យោធានៃប្រទេសទាំងពីរផងដែរ។
ជាងនេះទៅទៀត លោក Song បានប្រាប់លោក Esper ថាសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងបច្ចុប្បន្ន មានភាពរឹងមាំលើសពេលណា ទាំងអស់ហើយប្រទេសទាំងពីរកំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងសន្តិភាព រួមទាំងការរីកចំរើននៅក្នុងតំបន់អាស៊ីភាគឦសាន។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក សហគមន៍អន្តរជាតិចាំបាច់ត្រូវបន្តដាក់សម្ពាធ និងទណ្ឌកម្មលើកូរ៉េខាងជើង រហូតដល់របបដឹកនាំកុម្មុយនីស្ដមួយនេះយល់ព្រម ចូលរួមក្នុងកិច្ចចរចាស្ដីពីការលុបបំបាត់ អាវុធនុយក្លេអ៊ែរដោយស្មោះត្រង់៕