(តូក្យូ)៖ គណៈកម្មាធិការស្រាវជ្រាវមួយនៃរដ្ឋាភិបាលជប៉ុន បានធ្វើការព្រមានគួរឲ្យបារម្ភមួយថា គ្រោះរញ្ជួយដីដែលមានឥទ្ធិពលដូច ទៅនឹងមហាគ្រោះរញ្ជួយដីនៅភាគខាងកើតជប៉ុន កាលពីឆ្នាំ២០១១នោះ ទំនងជានឹងកើតមានឡើងនៅក្បែរភាគខាងជើងកោះហុកកៃដូ (Hokkaido) ក្នុងអំឡុងពេល ៣០ឆ្នាំខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
គណៈកម្មាធិការស្រាវជ្រាវពីគ្រោះរញ្ជួយដី នៃរដ្ឋាភិបាលទីក្រុងតួក្យូ បានលើកឡើងថា ឱកាសគឺមានពី ៧ភាគរយ ទៅ ៤០ភាគរយ ដែលថាហេតុការណ៍រញ្ជួយដីជាមួយកម្លាំងរ៉ិចទ័រហួសពី ៨.៨រ៉ិចទ័រទៅទៀតនោះ នឹងកើតមានក្នុងអំឡុងពេល ៣០ឆ្នាំ ខាងមុខនៅមហាសាគរប៉ាស៊ីហ្វិក ក្បែរឆ្នេរសមុទ្រនៃកោះហុកកៃដូ។
បើតាមគណៈកម្មាធិការខាងលើ គ្រោះរញ្ជួយដីធំៗ ធ្លាប់បានយាយីឆ្នេរភាគខាងកើតនៃកោះហុងកៃដូ ជារៀងរាល់ ៣៤០ឆ្នាំ ទៅ ៣៨០ឆ្នាំម្តង ហើយខណៈគ្រោះរញ្ជួយដីខ្លាំងៗបែបនេះ ចុងក្រោយបំផុតត្រូវគេជឿជាក់ថា បានកើតឡើងតាំងពីប្រមាណជា ៤០០ឆ្នាំ មុនម៉្លេះនោះ លទ្ធភាពគឺវាខ្ពស់ណាស់ថា ហេតុការណ៍រញ្ជួយផែនដីទ្រង់ទ្រាយធំមួយទៀត នឹងកើតឡើងដោយជៀសមិនផុត នៅប៉ុន្មានទសវត្សរ៍ខាងមុខ។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានរងគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ រហូតដល់កម្រិតខ្ទង់ ៩.០រ៉ិចទ័រ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅភាគឦសានប្រទេសតែម្តង ដែលកាលណោះបានបណ្តាលឲ្យផ្ទុះរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា និងកើតមានរលកយក្សស៊ូណាមិកម្ពស់ ១៤ម៉ែត្រ បានសម្លាប់ប្រជាជនជប៉ុនខ្ទង់ ២០,០០០នាក់៕