(គូឡាឡាំពួរ)៖ នៅទីបំផុតរដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃពុធនេះបានសម្រេចចិត្តអនុញ្ញាតជាផ្លូវការ ឱ្យក្រុមហ៊ុនឯកទេសរុករកមួយរបស់សហរដ្ឋអាមេរិក ដំណើរការឡើងវិញនូវ «ប្រតិបត្តិការស្វែងរកយន្ដហោះបាត់ខ្លួន MH370 នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines» ហើយដែលនេះអាចជាការព្យាយាមលើកចុងក្រោយ ក្នុងការបក ស្រាយអាថ៌កំបាំងដ៏ធំមួយនេះ ក្នុងវិស័យអាកាសចរណ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលម៉ាឡេស៊ី ធ្វើឡើងក្រោយមានសំណើពីក្រុមហ៊ុនរុករកមួយរបស់អាមេរិក ឈ្មោះ Ocean Infinity ក្នុងការបន្តស្វែងរកយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ម៉ាឡេស៊ីមានជើងហោះហើរ MH370 ដោយឈរលើគោលការណ៍ «គ្មានលទ្ធផល គ្មានការបង់ប្រាក់ចំណាយ»។ ការព្រមព្រៀងគ្នានេះ ទៀតសាត ធ្វើឡើងកាលពីសប្ដាហ៍មុន បន្ទាប់ពីក្រុមហ៊ុនអាមេរិកអាមេរិកមួយនេះ បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា នឹងទទួលបានកុងត្រាចុងក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីបន្តប្រតិបត្តិការរុកយន្តហោះ MH370 នៅប៉ុន្មានថ្ងៃខាងមុខ។ ដោយឡែក កាលពីថ្ងៃនាថ្ងៃសៅរ៍កន្លងទៅ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Liow Tiong ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានដែរថា រដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បានឯកភាពឲ្យបន្តប្រតិបត្តិការរុករក។
លោក Liow Tiong បានបញ្ជាក់ថា ការរុករកនេះនឹងស្ថិតលើគោលការណ៍ «គ្មានលទ្ធផល គ្មានការបង់ថ្លៃចំណាយ» ហើយកុងត្រានឹងត្រូវបង្ហើយជាស្ថាពរនាសប្តាហ៍ក្រោយ។ យន្តហោះ MH370 មានផ្ទុកមនុស្សសរុប ២៣៩នាក់ បានបាត់ខ្លួនក្នុងពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។
គួរជម្រាបថា រដ្ឋាភិបាលម៉ាឡេស៊ី អូស្រ្តាលី និងចិន បានសម្រេចផ្អាកប្រតិបត្តិការរុករកយន្តហោះដឹកអ្នកដំណើរ MH370 កាលពីខែមករា ឆ្នាំ២០១៧ ក្រោយពីការចំណាយពេលជិត ០៣ឆ្នាំ ធ្វើការនៅក្នុងតំបន់មួយទំហំ ១២០,០០០គីឡូម៉ែត្រក្រឡា នៅភាគខាងត្បូងមហាសាគរឥណ្ឌា ពុំទទួលបានលទ្ធផលវិជ្ជមានអ្វីសោះ។ ក៏ប៉ុន្តែរបាយការណ៍មួយ ពីទីភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនអូស្រ្តាលី ដែលចេញផ្សាយនៅឆ្នាំទៅមិញនេះ បានផ្តល់តំរុយទៅកាន់តំបន់រុករកថ្មីមួយទៀត ដែលយន្តហោះនេះអាចត្រូវរកឃើញ៕