(ម៉ូស្គូ)៖ ក្រុមយន្តហោះដ្រូន ដែលត្រូវបានប្រើប្រាស់ក្នុងការប៉ុនប៉ងវាយប្រហារ ទៅលើមូលដ្ឋានយោធាចំនួន ០២កន្លែង របស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីនោះ គឺមានប្រភពមកពីតំបន់ដែលស្ថិតក្រោមការគ្រប់គ្រង ដោយពួកឧទ្ទាម។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា យន្តហោះដ្រូនទាំងនោះបានចេញមកពីតំបន់ មូអាហ្សារ (Muazar) នៅប៉ែកនិរតីនៃតំបន់កាត់បន្ថយភាពតានតឹង Idlib ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមប្រដាប់អាវុធ។ ជុំវិញរឿងនេះ ក្រសួងការពារជាតិរុស្ស៊ី បានផ្ញើលិខិតមួយទៅកាន់យោធារបស់តួកគី ដោយទទូចឲ្យទីក្រុងអង់ការ៉ា បំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីធានាការបញ្ចប់នៃសកម្មភាពបង្ករឿងនានា ដោយក្រុមប្រដាប់អាវុធ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់តួកគី ព្រមទាំងពន្លឿនការដំឡើងប៉ុស្តិ៍ឃ្លាំមើល នៅក្នុងតំបន់កាត់បន្ថយភាពតានតឹង ដើម្បីបញ្ចៀសការវាយប្រហារដោយដ្រូន ទៅលើគោលដៅនានា។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៧ អ៊ីរ៉ង់ រុស្ស៊ី និងតួកគីបានបើកកិច្ចចរចាមួយនៅឯទីក្រុងអាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន ដោយបានព្រមព្រៀងគ្នាបញ្ជូនក្រុមអ្នកសង្កេតការណ៍ នៅក្នុងខេត្ត Idlib ហើយបច្ចុប្បន្នយោធាតួកគី កំពុងស្ថិតក្នុងខេត្ត Idlib ដើម្បីដំឡើងប៉ុស្តិ៍អង្កេតការណ៍ និងតាមដានការអនុវត្តនៃកិច្ចព្រមព្រៀង បង្កើតតំបន់គ្មានភាពតានតឹង។
គួរជម្រាបថា ក្នុងខែមករានេះ យោធាការពារជាតិនៃប្រទេសរុស្ស៊ី បានរាយការណ៍ថា យន្តហោះដ្រូនចំនួន១៣គ្រឿង ត្រូវបានគេប្រើប្រាស់ ដើម្បីវាយលុកទៅលើបន្ទាយយោធារុស្ស៊ីចំនួន០២កន្លែង នៅស៊ីរី ប៉ុន្តែត្រូវកងទ័ពរុស្ស៊ីចាប់បាននិងកម្ទេចចោល៕