(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានទទួលស្គាល់ថា សមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការរៀបចំកិច្ចសន្ទនាជាលើកដំបូងនារយៈពេលពីរឆ្នាំមកនេះ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅឯសន្និសីទសារព័ត៌មាន នៅថ្ងៃពុធនេះក្នុងទីក្រុងសេអ៊ូល លោក មូន បានបន្ថែមថា លោកមានបំណងចង់អង្គុយចរចាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលអនាគត ប៉ុន្តែមិនចង់បានកិច្ចចរចា ដែលនិយាយតែពីផលប្រយោជន៍នោះទេ ដោយថែមទាំងអំពាវនាវឱ្យកូរ៉េខាងជើង ចូលរួមក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េផងដែរ។ «សង្រ្គាមមិនអាចកើតឡើងជាថ្មី នៅលើឧបទ្វីបកូរ៉ឡើយ រីឯវត្ថុបំណងរបស់ខ្ញុំ គឺដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងពង្រឹងសន្តិភាព ក្នុងអាណត្តិរបស់ខ្ញុំ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចានៅតំបន់គ្មានយោធានៃភូមិ Panmunjom កូរ៉េខាងជើងបានយល់ព្រមថា នឹងបញ្ជូនប្រតិភូ និងអត្តពលិកកូរ៉េខាងជើង ឱ្យទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅខែកុម្ភៈក្រោយនេះ ព្រមទាំងយល់ព្រមទទួលការរៀបចំកិច្ចសន្ទនាយោធា ជាមួយទីក្រុងសេអ៊ូល។ ប៉ុន្តែទីក្រុងព្យុងយ៉ាង ធ្លាប់បានអះអាងជារឿយៗថា ខ្លួននឹងមិនយកកម្មវិធីនុយក្លេអ៊ែរ ដាក់តុចរចាជាដាច់ខាត លុះត្រាតែសហរដ្ឋអាមេរិក បញ្ឈប់គោលនយោបាយប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន៕