(ប៉េកាំង)៖ ខណៈចិនគ្រោងចាប់ផ្តើមកម្មវិធីរុករកនៅឋានព្រះច័ន្ទ ដែលត្រូវគេរំពឹងថា នឹងចាប់ផ្តើមជាមួយការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March 5 នាខែមិថុនាខាងមុខនេះ វិទ្យាសាស្រ្តវិទូម្នាក់មកពីសាកលវិទ្យាល័យ Radbound នៃប្រទេសហូឡង់ ក៏បានឆ្លៀតឱកាសពន្យល់ និងបកស្រាយថា តើហេតុអ្វី បានជាបេសកកម្មនេះមានសារៈសំខាន់ជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Sputnik លោកសាស្រ្តាចារ្យ Heino Falcke ដែលជាអ្នកវិទ្យាសាស្រ្តជនជាតិអាល្លឺម៉ង់ បានលើកឡើងថា ព្រះច័ន្ទគឺជាឋានដ៏ពិសេសមួយ ប៉ុន្តែវាជាកន្លែងដែលពុំត្រូវបានស្រាវជ្រាវរុករកនោះឡើយ ក្នុងអំឡុងពេលជាច្រើនទសវត្សរ៍កន្លងមក។ មកទល់ពេលពុំមានបេសកកម្មសូម្បីតែមួយឡើយ ដែលបានធ្វើឡើងនៅឯផ្ទៃផ្នែកម្ខាងទៀតរបស់ព្រះច័ន្ទ។ លោក Falcke គិតថា នេះគឺជាអ្វីដែលពិសេសខ្លាំង អំពីបេសកកម្មចិនថ្មីមួយនេះ ដោយជាលើកដំបូងបំផុតពួកគេនឹងផ្សងព្រេងទៅកាន់តំបន់ថ្មីលើឋានព្រះច័ន្ទ។
លោក Heino Falcke ក៏បានឆ្លើយតបទៅនឹងចម្ងល់ថា តើហេតុអ្វីបានជានាពេលកន្លងមក ពុំមានបេសកកម្មទៅកាន់ផ្ទៃម្ខាងទៀតរបស់ព្រះច័ន្ទ ដែលគេហៅថា Darkside of the Moon ឬក៏ Far Side of the Moon ផងដែរ។ លោក Falcke បាននិយាយថា បញ្ហាមួយផ្នែកនោះគឺជា ព្រះច័ន្ទតាមពិតទៅរាំងខ្ទប់ប្រព័ន្ធទំនាក់ទំនងរបស់យើង។ លោកបានលើកឡើងថា ប្រសិនបើអ្នកនៅទីនោះ អ្នកមិនអាចហៅមកផែនដីវិញដោយងាយៗឡើយ, អ្នកត្រូវតែប្រើប្រាស់ផ្កាយរណបជំនួយ ដើម្បីបញ្ជូនសារបន្ត ហើយប្រការនេះធ្វើឲ្យបេសកម្មកាន់តែស្មុគស្មាញ។
លោក Falcke បានបន្តថា ដូច្នេះហើយអ្នកត្រូវបញ្ជូនរលកវិទ្យុសញ្ញារបស់អ្នក ចេញពីតំបន់ Far Side of the Moon ទៅកាន់ផ្កាយរណបនោះ ហើយផ្កាយរណបត្រូវបញ្ជូនបន្តមកកាន់ផែនដី។ បែបនេះ បេសកកម្មមានភាពស្មុគស្មាញខ្លាំង ដែលជាមូលហេតុធ្វើឲ្យបេសកកម្មបែបនេះ ពុំទាន់កើតមានមកទល់ពេលនេះ។ លោកយល់ពិតវាត្រូវគេមើលរំលង និងពុំសូវខ្វាយខ្វល់កាលពីអតីតកាល ។ យ៉ាងណាមិញ វាមិនមែនជារឿងមិនអាចទៅរួច ឬក៏ជាបញ្ហាប្រឈមធំមួយឡើយ ប៉ុន្តែវាហាក់ដូចជាត្រូវគេបំផ្លិចចោល។
ជាចុងក្រោយ អ្នកវិទ្យាសាស្រ្តរូបនេះបានបញ្ជាក់ថា ជាក់ស្តែងកាលពីសម័យទសវត្សរ៍ទី ៦០ និង ៧០ ការរុករកឋានព្រះច័ន្ទ មិនត្រឹមតែជាវិទ្យាសាស្រ្តប៉ុណ្ណោះទេ វាគឺជាផ្នែកមួយនៃសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។ វាត្រូវបានជំរុញដោយនយោបាយជាច្រើន ហើយជាមួយបេសកកម្មបញ្ជូនមនុស្សជាលើកដំបូងទៅកាន់ទីនោះ គោលដៅចម្បងរបស់វា ក៏ត្រូវសម្រេចបាន។ ដោយឡែក ការសិក្សាស្រាវជ្រាវជាច្រើនផ្សេងទៀត ក៏ត្រូវបានធ្វើឡើងនៅតាមក្រោយផងដែរ។ តាមពិតទៅសព្វថ្ងៃ យើងនៅតែកំពុងទទួលបានអត្ថប្រយោជន៍ពីបេសកកម្មឋានព្រះច័ន្ទ កាលពីអំឡុងជំនាន់នោះនៅឡើយទេ។
ម៉្យាងវិញទៀត ទើបតែបច្ចុបន្ននេះប៉ុណ្ណោះ ដែលមានការប៉ុនប៉ងសិក្សាពីឋានព្រះច័ន្ទឡើងវិញ ដោយសារតែយើងភ្ញាក់ខ្លួនថា នៅមានរឿងជាច្រើនទៀត ដែលយើងមិនទាន់បានដឹងច្បាស់ពីឋានព្រះច័ន្ទ។ វាគឺជាឋានមួយដែលនៅក្បែរយើងបំផុត ហើយនៅមានរឿងជាច្រើន ដែលយើងមិនដឹងអំពីវា។ ហេតុដូច្នេះ យើងកំពុងយល់បន្តិចម្តងៗថា ពួកយើងត្រូវត្រឡប់ទៅទីនោះវិញ។ លោក Falcke បានបញ្ជាក់ថា ថ្ងៃណាមួយមនុស្សយើង ប្រហែលអាចឡើងទៅភពអង្គារ (Mars) និងទីកន្លែងឆ្ងាយជាងនេះទៀត ប៉ុន្តែព្រះច័ន្ទត្រូវបានយើងយល់ដឹងតិចតួចបំផុត៕