(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានប្រកាសឲ្យដឹងថា ខ្លួនបានបញ្ជូនសេចក្តីព្រាងមួយទៅកាន់សភាហើយ ដើម្បីធ្វើការសម្រេចជាចុងក្រោយ ស្តីពីការយល់ព្រមលក់គ្រាប់មីស៊ីលដែលអាចបាញ់ទម្លាក់មីស៊ីលផ្លោង ទៅឲ្យសម្ព័ន្ធមិត្តជប៉ុន ស្ថិតនៅក្នុងន័យបង្កើនកិច្ចការពារសន្តិសុខប្រទេសនេះ ពីការគំរាមកំហែងនានាលើសន្តិសុខដែនអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
ការយល់ព្រមលក់ ដែលត្រូវការតែការសម្រេចផ្លូវការ ពីសភាមួយតំណាក់កាលទៀតនេះ គឺត្រូវបានធ្វើឡើងអំឡុងពេលដែល ស្ថានការណ៍នៅឧបទ្វីបកូរ៉េថមថយកម្តៅបន្តិច ក្រោយកូរ៉េទាំងពីរបានធ្វើការពិភាក្សាគ្នាត្រូវរ៉ូវ លើចំណុចសំខាន់ៗមួយចំនួន ជាពិសេសនោះគឺការសម្រេចបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ និងអត្តពលិកកូរ៉េខាងជើង ទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារនាខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងទឹកដីកូរ៉េខាងត្បូងផ្ទាល់។ ប្រការនេះត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមានខ្លាំងមិនធ្លាប់មាន នៃទំនាក់ទំនងអន្តរកូរ៉េ ក្នុងរយៈពេលជិតពីរឆ្នាំមកនេះ។
ងាកមកកាន់គ្រាប់មីស៊ីល និងបរិក្ខានានាវិញ គឺជប៉ុនបានសម្រេចចិត្តទិញគ្រាប់មីស៊ីលប្រភេទ Standard Missile-3 Block IIA ចំនួន ០៤គ្រាប់, មីស៊ីល MK 29 missile canisters ចំនួន ០៤គ្រាប់ និង ប្រព័ន្ធបន្ទាប់បន្សំមួយចំនួនទៀតពីសហរដ្ឋអាមេរិក ដែលសរុបជាទឹកប្រាក់ ១៣៣.៣លានដុល្លារឯណោះ។
គួរបញ្ជាក់ថា កាលីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ គណរដ្ឋមន្ត្រីជប៉ុនបានសម្រេចចេញនូវកញ្ចប់ថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ឆ្នាំ២០១៨ ដោយក្នុងនោះគេសង្កេតឃើញថា ថវិកាដែលត្រូវចំណាយទៅលើវិស័យការពារជាតិ មានការកើនឡើងក្នុងកម្រិតខ្ពស់មិនធ្លាប់មាន។ គោលដៅធំបំផុតរបស់ជប៉ុន មិនមែនជាការប្រឹងទប់ទល់ឥទ្ធិពលកូរ៉េខាងជើង តែមួយនោះឡើយ ដោយតាមពិតទៅមហាយក្សចិន ទើបជាការគំរាមកំហែងធំបំផុត សម្រាប់អតីតចក្រពត្តិតំបន់អាស៊ីមួយនេះ៕