(ការីបៀន)៖ គ្រោះរញ្ជួយដីកម្រិតដ៏ធ្ងន់ធ្ងរមួយគឺដល់ទៅ ៧.៨រ៉ិចទ័រ ដែលបានវាយប្រហារដែនសមុទ្រភាគខាងជើង នៃប្រទេសហុងឌូរ៉ាស់ នៅក្នុងផ្ទៃសមុទ្រការីបៀននៃតំបន់អាមេរិកកណ្តាល ទំនងជាមិនបានបង្កជារលកយក្សស៊ូណាមិ និងមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
បើតាមមជ្ឈមណ្ឌលឃ្លាំមើលរលកយក្សនៃតំបន់ប៉ាស៊ីហ្វិក សារព្រមានអំពីរលកស៊ូណាមិ ត្រូវបានចេញសម្រាប់តំបន់រដ្ឋបាល Puerto Rico និងកោះ Virgin របស់សហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកក៏បានស្ងប់ស្ងាត់ទៅវិញ ហើយក៏ពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតហេដ្ឋរចនាសម្ព័ន្ធណាមួយនោះដែរ ព្រោះការញ័ររញ្ជួយស្ថិតនៅឆ្ងាយពីដីគោក នៃប្រទេសហុងឌូរ៉ាស់ និងបណ្តាប្រទេសជុំវិញសមុទ្រការីបៀន។
គួរបញ្ជាក់ថា ក្រោយគ្រោះរញ្ជួយដីភ្លាមៗ ទីភ្នាក់ងារឃ្លាំមើលភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា រលកស៊ូណាមិធំៗអាចនឹងកើតមានឡើងបាន នៅតាមបណ្តោយឆ្នេរនានា ដែលស្ថិតក្នុងរយៈចម្ងាយ ១,០០០គីឡូម៉ែត្រ នៃចំណុចរំញ័ររបស់គ្រោះរញ្ជួយផែនដី ដែលក្នុងករណីនេះរួមមានឆ្នេរសមុទ្ររបស់ប្រទេស ចាមៃកា, ម៉ិចស៊ីកូ, ហុងឌូរ៉ាស់, គុយបា, បេលីស (Belize), កូស្តារីកា, និងជាច្រើនផ្សេងទៀត៕