(ឥណ្ឌា)៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី ណឺម៉ាឡា ស៊ីថារ៉ាម៉ាន់ (Nirmala Sitharaman) បាននិយាយថា កងទ័ពជើងទឹកឥណ្ឌាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពារដែនសមុទ្ររបស់ខ្លួន បើទោះជាមាននាវាផ្ទុកយន្ដហោះចម្បាំងតិចជាងពីរគ្រឿង ដែលប្រមុខកងទ័ពជើងទឹកឥណ្ឌាថា ត្រូវការជាចាំបាច់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
ឥណ្ឌាមានគំរោងដាក់ឱ្យដំណើរការ នាវាផ្ទុកយន្ដហោះចម្បាំងបីគ្រឿង ក្នុងនោះមានដូចជា នាវាផ្ទុកយន្ដហោះចម្បាំង INS Vikramaditya, IAC-1 និង IAC-2 ដែលនាវចម្បាំងទាំងពីរនេះ មិនទាន់ផលិតបានជោគជ័យនៅឡើយទេ។ ចំណែកឯ ប្រមុខកងទ័ពជើងទឹកឥណ្ឌា លោក ស៊ូណីល ឡេនបា (Sunil Lanba) បានអះអាងថា ឥណ្ឌាត្រូវការជាចំាបាច់ នាវាផ្ទុកយន្ដហោះចម្បាំងយ៉ាងតិចណាស់ពីរគ្រឿង ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ខ្លួន។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី Nirmala Sitharaman បានអះអាងថា កងទ័ពជើងទឹកឥណ្ឌាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពារជាតិ ដោយមាននាវាមុជទឹក ០៣គ្រឿង និងវានាចម្បាំង ០៦គ្រឿង។ «ខ្ញុំមានជំនឿ ចិត្តថា បច្ចុប្បន្នកងទ័ពជើងទឹកឥណ្ឌាមានសមត្ថភាពពេញលេញ ដើម្បីការពារជាតិ និងដែនសមុទ្រប្រឆាំងនឹងរាល់ការគំរាមកំហែងទាំងអស់»។ នេះជាការលើកឡើងរបស់ លោកស្រី Nirmala Sitharaman។
គួរបញ្ជាក់ថា នាវាចម្បាំងផ្ទុកយន្ដហោះ IAC-1 និង IAC-2 ដែលជាផលិតផលនៅក្នុងស្រុកត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឱ្យដំណើរការនៅចន្លោះឆ្នំា២០១៩ និងឆ្នាំ ២០២៣៕