(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានសម្ដែងការ​សាទរចំពោះសញ្ញា​វិជ្ជមាន នៃកិច្ចសន្ទនា​លើកដំបូងក្នុង​រយៈពេលជាងពីរឆ្នាំ​មកនេះ រវាង​កូរ៉េទាំងពីរ ប៉ុន្តែទន្ទឹម​ទីក្រុងវ៉ាស៊ីនតោន មិនបានបង្ហាញ​ការគាំទ្រយ៉ាងពេញ​ទំហឹង​នោះទេ ក៏ព្រោះ​ទីក្រុង​វ៉ាស៊ីនតោន​នៅតែគិតគូរជានិច្ច ចំពោះការគំរាមកំហែង​ដោយអាវុធនុយក្លេអ៊ែរ ដែលបំពានច្បាប់​អន្តរជាតិ​របស់​ទីក្រុងព្យុងយ៉ាង។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

នៅក្នុងសន្និសីទ​សារព័ត៌មាន អ្នកនាំពាក្យ​សេតវិមាន លោកស្រី សារ៉ា សេនដឺស (Sarah Sanders) បានស្វាគមន៍​កិច្ចសន្ទនា​កម្រិតខ្ពស់ រវាងកូរ៉េខាងត្បូង​និងកូរ៉េខាងជើង​ដែលបានឈាន​ដល់ការព្រមព្រៀងគ្នាថា នឹងរៀបចំកិច្ចចរចា​យោធា ក៏ដូចជាការ​បញ្ជូនប្រតិភូ និងអត្តពលិក​កូរ៉េខាងជើង ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក​រដូវរងារ​នៅកូរ៉េខាងត្បូង នៅខែក្រោយនេះ។

លោកស្រី Sanders បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ការចូលរួមរបស់​កូរ៉េខាងជើង គឺជាឱកាសមួយសម្រាប់​របបទីក្រុង​ព្យុងយ៉ាង ដើម្បីមើល​ឃើញ​ពីតម្លៃ នៃការបញ្ចប់​ទណ្ឌកម្មអន្តរជាតិ តាមរយៈការលុប​បំបាត់អាវុធ​នុយក្លេអ៊ែរ»។ ដោយឡែក​នៅក្នុងសន្និសីទ​សារព័ត៌មាន​ដ៏ខ្លីមួយ លោក ស្ទេវ ហ្គោលស្ទែន (Steve Goldstein) អ្នកនាំពាក្យ ក្រសួង​ការបរទេស​អាមេរិកបានលើក​ឡើងផងដែរថា «ច្បាស់ណាស់ នេះគឺ​ជាការវិវឌ្ឍន៍ប្រកប​ដោយភាព​វិជ្ជមាន ប៉ុន្តែយើងក៏​ចង់ឱ្យមានកិច្ចចរចា​ លើសំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង»

គួរបញ្ជាក់ថា កាលពី​សប្ដាហ៍មុន​ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយជា​សាធារណៈថា លោកមានដំណង​ចង់ធ្វើពិភាក្សា​តាមទូរស័ព្ទ​ជាមួយមេដឹកនាំ កូរ៉េខាងជើង លោក​ គីម ជុងអ៊ុន។ តែទន្ទឹមគ្នា លោក ត្រាំ ក៏បានអះអាងថា កិច្ចសន្ទនា​នេះមែនធ្វើឡើងដោយគ្មាន​លក្ខខ័ណ្ឌ​នោះទេ។ សម្រាប់ភាពវិជ្ជមាននៃទំនាក់ទំនង​កូរ៉េទាំងពីរ​ខាងលើនេះ ពិតជាមិនធ្លាប់​មានឡើយក្នុង​រយៈពេលជិត ០២ឆ្នាំ មកនេះ ដោយវាអាចនឹង​ឈានដល់កិច្ច​ប្រជុំកំពូលរវាងគ្នា ក្រោយប្រធានាធិបតី​កូរ៉េខាងត្បូងបង្ហាញ​ការស្វាគមន៍៕