(អ៊ីស្លាម៉ាបាដ)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ខួររ៉ាម ដាសហ្គឺ ខាន់ (Khurram Dastgir) Khan បាននិយាយថា ប្រទេសរបស់លោកបានសម្រេចចិត្តផ្អាក កិច្ចសហប្រតិបត្តិការការពារជាតិ និងស៊ើបការណ៍សំងាត់ជាមួយសហរដ្ឋអាមេរិក ខណៈកំពុងមានភាពតានតឹងខ្លាំង ក្រោយទីក្រុងវ៉ាស៊ីនតោនប្រកាស ផ្អាកជំនួយយោធាដល់ប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងវេទិកាសាធារណៈមួយ កាលពីថ្ងៃអង្គារ លោក ដាសហ្គឺ ខាន់ (Dastgir Khan) បានលើកឡើងយ៉ាងដូច្នេះថា «អ្នកឃើញហើយថា យើងបានពង្រីកមូលដ្ឋានជាច្រើនសម្រាប់ពួកគេ (សហរដ្ឋអាមេរិក) ដែលនៅតែដំណើរការ ហើយយើងមិនបានផ្អាកវាទេ។ ប៉ុន្តែពេលនេះ យើងសម្រេចចិត្តផ្អាកកិច្ចសហប្រតិបត្តិការការពារជាតិ និងស៊ើបការណ៍សម្ងាត់ជាមួយពួកគេ»។
ដោយឡែក ជុំវិញការផ្អាកជំនួយអាមេរិក រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានរូបនេះ បានអះអាងថា ការផ្អាកជំនួយយោធាពីសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ កើតឡើងក្រោយមានការផ្អាកកិច្ចសន្ទនាយុទ្ធសាស្ត្រអស់រយៈពេលជាងមួយឆ្នាំមកនេះ រវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថាន។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថាន ផ្ទុះឡើងដំបូងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗលើប៉ាគីស្ថានថា ប្រទេសនេះទទួលបានជំនួយរាប់ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោនក្នុងមួយឆ្នាំៗ ប៉ុន្តែមិនបានជួយអ្វីទាល់តែសោះ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាលីបង់-អាហ្វហ្គានីស្ថាន នៅលើទឹកដីប៉ាគីស្ថាន។ ជាងនេះទៅទៀត ប៉ុន្មានថ្ងៃក្រោយមកក្រសួងការបរទេសអាមេរិក បានប្រកាសផ្អាកការផ្ដល់ជំនួយជាង ១.៣ពាន់លានដុល្លារ សម្រាប់ប៉ាគីស្ថាន៕