(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាថ្ងៃពុធនេះបានប្រកាសថា រូបលោកទទួលស្វាគមន៍ជានិច្ច ចំពោះការបើកកិច្ចប្រជុំកំពូលមួយជាមួយកូរ៉េខាងជើង ប្រសិនបើលក្ខខណ្ឌចាំបាច់នានា អាចត្រូវបានបំពេញ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
លោក មូន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ប្រសិនបើលក្ខខណ្ឌនានាអាចត្រូវបំពេញបាននោះ លោកនឹងអាចបើកកិច្ចប្រជុំកំពូលអន្តរកូរ៉េបាននៅគ្រប់ពេលវេលា ហើយលោកក៏មិនប្រកាន់ថាជំនួបប្រភេទណាដែរ ដោយរួមទាំងកិច្ចពិភាក្សាកំពូល។ តែលោកប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនោះ គួរតែនឹងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ហើយលក្ខខណ្ខផ្សេងៗ គួរតែត្រូវបង្កើតឡើង ដើម្បីបើកកិច្ចពិភាក្សាបែបនេះ។
គួរជម្រាបថា ការធ្វើអត្ថាធិប្បាយរបស់លោក មូន ធ្វើឡើងមួយថ្ងៃក្រោយពី ក្រុមមន្រ្តីតំណាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង បានបើកកិច្ចសន្ទនាជាន់ខ្ពស់ជាមួយគ្នា ជាលើកដំបូងក្នុងអំឡុងពេលជិត ០២ឆ្នាំ កន្លងទៅនេះ ហើយបានព្រមព្រៀងគ្នាបើកកិច្ចពិភាក្សាយោធាថែមទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។
នាឱកាសនោះ កូរ៉េខាងជើងក៏បានយល់ព្រមបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ ព្រមទាំងអត្តពលិក ឲ្យមកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលនឹងប្រារព្ធឡើងនៅលើទឹកដីកូរ៉េខាងត្បូង នាខែកុម្ភៈផងដែរ៕