(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋាភិបាលកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានព្រមព្រៀងគ្នាក្នុងការធ្វើកិច្ចពិភាក្សាយោធាដាច់ដោយឡែកមួយ បន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតខ្ពស់ ដែលបានធ្វើឡើងនៅក្នុងភូមិ Panmunjom ដែលជាតំបន់គ្មានកងទ័ព រវាងប្រទេសទាំងពីរ, នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ។
ក្រៅពីការយល់ព្រមបញ្ជូនប្រតិភូជាន់ខ្ពស់ និងអត្តពលិក ដើម្បីមកចូលរួមកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ មន្រ្តីតំណាងទីក្រុងព្យុងយ៉ាង ក៏បានព្រមព្រៀងឲ្យមានការបើកឲ្យប្រើប្រាស់ឡើងវិញផងដែរចាប់ពីថ្ងៃពុធនេះ នូវខ្សែទូរស័ព្ទបន្ទាន់ (Hotline) ផ្នែកយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្រោយពីវាត្រូវបានបិទក្នុងអំឡុងពេលជិតពីរឆ្នាំមកហើយ ក៏ព្រោះតែទំនាក់ទំនងនៃប្រទេសទាំងពីរបានធ្លាក់ចុះដុនដាបខ្លាំង។ នេះបើតាមការអះអាងពីមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងកិច្ចពិភាក្សាផ្នែកយោធា រវាងប្រទេសកូរ៉េទាំងពីរ, ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ មិនបានចេញផ្សាយពីលទ្ធផល នៃកិច្ចពិភាក្សានេះនោះទេ៕